ព័ត៌មានអន្តរជាតិ

អ្នកការទូត ​កំពូល​អាមេរិក ​ជួប​លោក ណេតាន់យ៉ាហ៊ូ​ ដោយ​ជំរុញ​ឱ្យ​ទប់ស្កាត់ ​ជម្លោះ​ហួសហេតុ

រូបភាព៖ Xinhua

យេរ៉ូសាឡឹម៖​ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានជួបកាលពីថ្ងៃសុក្រជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន​ ណេតាន់យ៉ាហ៊ូ​ និងគណៈរដ្ឋមន្ត្រីសង្គ្រាមរបស់លោកនៅទីក្រុង Tel Aviv ខណៈដែលអ៊ីស្រាអែល​ បានជំរុញការវាយលុករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាស្ទ្រីប។

វាជាដំណើរទស្សនកិច្ចលើកទីបួនរបស់លោក​ Blinken ទៅកាន់ប្រទេសអ៊ីស្រាអែល ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីថ្ងៃទី០៧​ ខែតុលា។ លោកត្រូវបានបង្ហាញវីដេអូរបស់កងទ័ពអ៊ីស្រាអែល​ ដែលរាយការណ៍ថា​ ជាផ្នែកមួយនៃការសម្លាប់ជនស៊ីវិលអ៊ីស្រាអែល​ ដោយក្រុមហាម៉ាស​ នៅថ្ងៃដំបូងនៃជម្លោះ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីការិយាល័យរបស់លោក ណេតាន់យ៉ាហ៊ូ។

លោក ណេតាន់យ៉ាហ៊ូ បានប្រាប់លោក​ Blinken ថាអ៊ីស្រាអែល​ បានប្តេជ្ញាចិត្តបន្តយុទ្ធនាការយោធារបស់ខ្លួនរហូតដល់ប្រទេសនេះធានាបាននូវការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល​ ដែលកាន់កាប់ដោយក្រុមហាម៉ាស។

លោកក៏បានឧ្យដឹងផងដែរថា អ៊ីស្រាអែល​ នឹងមិនអនុញ្ញាតឱ្យប្រេងឥន្ធនៈ ឬមូលនិធិណាមួយចូលទៅដល់តំបន់ហ្គាហ្សា ដែលស្ថិតនៅក្រោមការបិទផ្លូវរបស់អ៊ីស្រាអែល អស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។

លោក Blinken បានឧ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានថា មាន “ជំហានសំខាន់ៗ” ដែលចាំបាច់ត្រូវចាត់វិធានការ ដែលទីមួយគឺដើម្បីការពារជម្លោះកុំឱ្យកើនឡើង និងរីករាលដាលដល់តំបន់ផ្សេងទៀត។

លោកក៏បានជំរុញឱ្យភាគីអ៊ីស្រាអែល ការពារជនស៊ីវិលប៉ាឡេស្ទីន ដែលបានទទួលរងនូវការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងរបស់អ៊ីស្រាអែល និងបង្កើនលំហូរនៃជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សា៕ឮ

ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top