KATHMANDU៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា មន្ត្រីបានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ជាង៦៩នាក់បានស្លាប់ និងរាប់សិបនាក់រងរបួស នៅពាក់កណ្តាលអធ្រាត្រកាលពីថ្ងៃសុក្រ នៅគ្រាដែលមានគ្រោះរញ្ជួយដី កម្រិត៥,៦រ៉ិចទ័រ បានវាយប្រហារភាគខាងលិច នៃប្រទេសនេប៉ាល់ ។
យោងតាមទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្ររបស់សហរដ្ឋអាមេរិក ហៅកាត់ថា (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីបានវាយប្រហារមកលើស្រុក Jajarkot ស្ថិតនៅភាគខាងលិចនៅម៉ោងប្រហែល១១និង៤៧នាទីយប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៨និង០២នាទី ម៉ោងសកល ដែលមានជម្រៅ១៨គីឡូម៉ែត្រ ។
លោកនាយករដ្ឋមន្ត្រី Pushpa Kamal Dahal បានសម្តែងការសោកស្ដាយ ចំពោះការបាត់បង់អាយុជីវិត និងទ្រព្យសម្បត្តិនៅក្នុងការរញ្ជួយដីនេះ ហើយបានបញ្ជាឱ្យប្រតិបត្តិការជួយសង្គ្រោះ និងសង្គ្រោះភ្លាមៗ ដោយលោកបានលើកឡើងនៅក្នុងការបង្ហោះព័ត៌មាន នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនត្រូវបានគេ ស្គាល់ថា ជាបណ្តាញសង្គម Twitter ៕
ដោយ៖ ម៉ៅ បុប្ផាមករា