បរទេស៖ មន្ត្រីយោធាកំពូលរបស់ចិន បានប្តេជ្ញាថានឹង “មិនបង្ហាញក្តីមេត្តា” ចំពោះការផ្លាស់ប្តូរណាមួយឆ្ពោះ ទៅរកការប្រកាសឯករាជ្យភាព របស់កោះតៃវ៉ាន់ ទោះបីជាមានភាពច្របូកច្របល់ នៅក្នុងជួរកំពូល នៃកងកម្លាំងប្រដាប់អាវុធ របស់ប្រទេសចិនក៏ដោយ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ឧត្តមសេនីយ៍ Zhang Youxia នៃកងកម្លាំងរំដោះប្រជាជន និងជាអនុប្រធានគណៈកម្មការយោធាមជ្ឈិមនៃបក្សកុម្មុយនិស្តចិន បាននិយាយថា “មិនថាអ្នកណាដែលចង់បំបែកតៃវ៉ាន់ ចេញពីប្រទេសចិនក្នុងទម្រង់ ណាមួយក៏ដោយ យោធាចិននឹងមិនដែលយល់ព្រម ហើយនឹងមិនបង្ហាញក្តីមេត្តា នោះដែរ” ។
ការលើកឡើងរបស់លោកបានធ្វើឡើងនៅក្នុងវេទិកា Xiangshan លើកទី១០ នៅថ្ងៃចន្ទក្នុងទីក្រុងប៉េកាំង។ មានអ្នកចូលរួម ១.៨០០នាក់ នៅក្នុងវេទិការយៈពេលពីរថ្ងៃ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំផុតរបស់ប្រទេសចិនផ្តោតលើការទូតយោធា។
អ្នកដែលបានចូលរួមទាំងនេះរួមបញ្ចូលទាំងគណៈប្រតិភូផ្លូវការចំនួន ៩៩ និងរដ្ឋមន្ត្រីការពារជាតិមកពី ១៩ ប្រទេស ព្រមទាំងមេទ័ព តំណាងអង្គការអន្តរជាតិ អ្នកជំនាញ និងអ្នកសង្កេតការណ៍។ សហរដ្ឋអាមេរិក ក៏បានបញ្ជូនតំណាងម្នាក់ ក្នុងអ្វីដែលត្រូវបានគេមើលឃើញថា មានភាពរអាក់រអួលបន្តិច ក្នុងការបង្កកក្នុងទំនាក់ទំនង យោធារវាងអាមេរិកនិងចិន៕
ប្រែសម្រួលៈ ណៃ តុលា