ព័ត៌មានអន្តរជាតិ

ឧបទ្ទវហេតុឧទ្ធម្ភាគចក្រ ចំនួន១គ្រឿងនៅឥណ្ឌា បណ្តាលឲ្យស្លាប់នាវឹកម្នាក់

រូបភាព​៖ Afp

ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា មន្ត្រីបានឲ្យដឹងថា ឧបទ្ទវហេតុឧទ្ធម្ភាគចក្រចំនួន១គ្រឿង បានសម្លាប់នាវិក នៃកងនាវាចរឥណ្ឌា កាលពីថ្ងៃសៅរ៍នៅក្នុងរដ្ឋ Kerala ស្ថិតនៅភាគខាងត្បូង នៃប្រទេសឥណ្ឌា។

គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះបានកើតឡើង នៅលើផ្លូវរត់នៃស្ថានីយ៍អាកាស កងទ័ពជើងទឹក INS Garuda នៅក្នុងទីក្រុង Kochi ចម្ងាយប្រហែល២១១គីឡូម៉ែត្រ ភាគខាងជើងនៃក្រុង Thiruvananthapuram ដែលជារដ្ឋធានីរបស់រដ្ឋ Kerala ។

យោងតាមអ្នកនាំពាក្យ កងទ័ពជើងទឹកឥណ្ឌា បានឲ្យដឹងថា ឧទ្ធម្ភាគចក្រ “បានជួបនឹងឧបទ្ទវហេតុនៅលើដី” ក្នុងអំឡុងពេល “ត្រួតពិនិត្យ និងថែទាំ” ។

កងទ័ពជើងទឹកឥណ្ឌា បានបញ្ជាឱ្យក្រុមប្រឹក្សាស៊ើបអង្កេត ពីមូលហេតុនៃគ្រោះថ្នាក់នេះ ។

ទន្ទឹមនឹងនេះដែរ នាយទាហានជើងទឹក បានចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ជីវិត នៅក្នុងឧបទ្ទវហេតុនេះផងដែរ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top