ព័ត៌មានអន្តរជាតិ

Update៖ មេដឹកនាំអារ៉ាប់ ដាក់សម្ពាធទៅលើ រដ្ឋមន្ត្រីការបរទេសអាមេរិក ដើម្បីទទួលបានបទឈប់បាញ់គ្នា បន្ទាន់ នៅតំបន់ហ្គាហ្សា

រូបភាព៖ Xinhua

ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃសៅរ៍ មេដឹកនាំអារ៉ាប់ បានដាក់សម្ពាធដល់លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ដើម្បីទទួលបានបទឈប់បាញ់គ្នា ជាបន្ទាន់ នៅតំបន់ហ្គាហ្សា ដែលនៅប៉ុន្មានម៉ោងបន្ទាប់ពីប៉ាឡេស្ទីន បានលើកឡើងថា ការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអ៊ែល បានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់ នៅក្នុងសាលា ដែលគ្រប់គ្រងដោយ អង្គការសហប្រជាជាតិ (UN) ដែលត្រូវបានប្រើប្រាស់ធ្វើជាជម្រកមួយ ។

នៅក្នុងការបង្ហាញ ពីការខ្វែងគំនិតគ្នាដ៏កម្រ អ្នកការទូតកំពូល របស់សហរដ្ឋអាមេរិក បានបដិសេធ ខណៈដែលគាត់ឈរក្បែរ សមភាគីហ្សកដានី និងអេហ្ស៊ីប នៅក្នុងពេលធ្វើសន្និសីទសារព័ត៌មាន ដោយបានលើកឡើងថា បទឈប់បាញ់នឹងអនុញ្ញាតឱ្យ ក្រុមហាម៉ាស់ មានសកម្មភាពឡើងវិញ ។

មហាអំណាចពិភពលោក និងនៅក្នុងតំបន់ បានបរាជ័យ​ក្នុងការឈានដល់ការឯកភាពគ្នា លើវិធីដោះស្រាយជម្លោះ ដែលកំពុងកើនឡើង ក្នុងរយៈពេល៤សប្តាហ៍ ចាប់តាំងពីក្រុមយុទ្ធជនមកពីក្រុមហាម៉ាស់ ដែលគ្រប់គ្រងតំបន់ហ្គាហ្សាស្ទ្រីប បានផ្ទុះឡើងនៅព្រំដែន ដោយបានសម្លាប់មនុស្ស អស់ចំនួន១.៤០០នាក់ និងចាប់មនុស្សជាង២៤០នាក់ទៀតធ្វើជាចំណាប់ខ្មាំង ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top