“យើងបានចូលរួមក្នុងពិព័រណ៍នាំចូលចិន អន្តរជាតិរយៈពេល៦ឆ្នាំជាប់ៗគ្នាហើយ គឺជាមិត្តចាស់នៃពិព័រណ៍នេះ ហើយជឿជាក់ថា លើកនេះក៏នឹងទទួលបានឱកាសកាន់តែច្រើនដែរ ។” កាលពីថ្ងៃទី៣ខែវិចិ្ឆកា លោក Yang Zhenyu អគ្គនាយកប្រចាំតំបន់ប្រទេសចិននៃក្រុមហ៊ុន DOLEASIA នៅសិង្ហបុរីបានបង្ហាញពីក្ដីរំពឹងទុកចំពោះពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ ។
ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦នឹងបើកធ្វើពីថ្ងៃទី៥ដល់ថ្ងៃទី១០ខែវិចិ្ឆកាខាងមុខនៅក្រុងសៀងហៃប្រទេសចិន ។ បច្ចុប្បន្ននេះ បានត្រៀមលក្ខណៈការងារគ្រប់ផ្នែកទាំងអស់រួចរាល់ ។ ក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នឹងមានភ្ញៀវកិត្តិយសដែលមកពីប្រទេស តំបន់និងអង្គការអន្តរជាតិចំនួន១៥៤ចូលរួមពិព័រណ៍នេះ និងមានសហគ្រាសជាង៣៤០០លើទូទាំងពិភពលោកចូលរួមពិព័រណ៍សហគ្រាស ក្នុងនោះ សហគ្រាសពាក់ព័ន្ធនៃប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”មានចំនួនលើសពី១៥០០សហគ្រាស ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ក្នុងចំណោមសហគ្រាសជាង៣៤០០ “មិត្តចាស់នៃពិព័រណ៍នាំចូលចិនអន្តរជាតិ”ដូចក្រុមហ៊ុន DOLE ដែលបានចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិ៦លើកបែបនេះក៏មានច្រើនដែរ ។
ហេតុអ្វីបានជា “រឿងរ៉ាវមិត្តចាស់ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ”បានកើតឡើងម្តងទៀត?ពីព្រោះ “មិត្តចាស់”ទាំងឡាយទទួលបានឱកាសអភិវឌ្ឍន៍ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិយ៉ាងពិតប្រាកដ ។
ជួបគ្នានៅពិព័រណ៍នាំចូលចិនអន្តរជាតិម្តងទៀត គឺមកពីឱកាសកំណើនដែលនាំមកដោយ “ផលិតផលតាំងពិព័រណ៍ប្រែទៅជាទំនិញ” និង“ពាណិជ្ជករចូលរួមពិព័រណ៍ក្លាយទៅជាវិនិយោគិន” ។
“ធ្វើឱ្យទីផ្សារចិនក្លាយជាទីផ្សាររបស់ពិភពលោក ទីផ្សារអាចចែករំលែកបាននិងជាទីផ្សាររបស់អ្នកទាំងអស់គ្នា ។”ចិនបាននិយាយអ៊ីចឹងជាប់រហូត ហើយក៏ធ្វើអ៊ីចឹងបែបនេះជាប់រហូតមកផងដែរ ដែលនាំមកនូវលំហអភិវឌ្ឍន៍ដល់សហគ្រាសប្រទេសនានាឥតឈប់ឈរ ។
សូមយកក្រុមហ៊ុន Hyundai Motor ជាឧទាហរណ៍ ពីការចូលរួមពិព័រណ៍នាំចូលចិនអន្តរជាតិលើកដំបូងដោយយករថយន្ត NEXO ដែលប្រើអាគុយឥន្ធនៈ អ៊ីឌ្រូសែន រហូតដល់ដាក់ចេញរថយន្ត NEXO បែបចិននាពេលបច្ចុប្បន្ន ការធ្វើអាជីវកម្មជាប់រហូតមកនៅប្រទេសចិននាំឱ្យផលិតផលតាំងពិព័រណ៍កាន់តែច្រើនឡើងៗនៃសហគ្រាសនេះក្លាយជាទំនិញ ហើយខ្លួនក៏ប្រែពីសហគ្រាសចូលរួមពិព័រណ៍ទៅជាវិនិយោគិនដែលបង្កើនការវិនិយោគទុននៅប្រទេសចិនជាបន្តបន្ទាប់ ។
ចំណាប់អារម្មណ៍ដ៏ពិតប្រាកដនៃសហគ្រាសទុនបរទេសក៏ត្រូវបានបញ្ជាក់ក្នុងទិន្នន័យសេដ្ឋកិច្ចជាតិនៅបីត្រីមាសដំបូងឆ្នាំនេះរបស់ចិនដែរ ។ តាមគណនាជាជំហានដំបូងបានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបនៅបីត្រីមាសដំបូងឆ្នាំនេះរបស់ចិនបានកើនឡើង៥,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ល្បឿនកើនឡើងនៅតែលឿនជាងអង្គភាពសេដ្ឋកិច្ចជឿនលឿនសំខាន់ៗលើពិភពលោក ។ ក្នុងនោះ ការប្រើប្រាស់កើនឡើងវិញបានក្លាយជាចំណុចដ៏លេចធ្លោបំផុត ពោលគឺការចំណាយខាងការប្រើប្រាស់ចុងក្រោយបានជំរុញឱ្យ GDP កើនឡើង៤,៤ភាគរយ ។ បើនិយាយចំពោះទុនបរទេស នៅពីក្រោយតួលេខទាំងនេះគឺជាឱកាសទីផ្សារដ៏ធំធេង ។
ក្រៅពីនេះ “ការចែករំលែកសកល”ដែលពិព័រណ៍នាំចូលចិនអន្តរជាតិបានបង្ហាញនោះ ជាពិសេសគឺធាតុដើមដែលជួយប្រទេសមិនជឿនលឿនឱ្យទទួលការអភិវឌ្ឍជាមួយគ្នា ក៏ជាអ្វីដែល “មិត្តចាស់”ទាំងឡាយយកចិត្តទុកដាក់នោះដែរ ។ សំដៅចំពោះប្រទេសមិនជឿនលឿនបំផុតក្នុងចំណោមប្រទេសដែលរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ” ពិព័រណ៍នាំចូលចិនអន្តរជាតិបានជំរុញឱ្យផលិតផលប្រកបដោយលក្ខណៈពិសេសក្នុងតំបន់ចូលក្នុងទីផ្សារចិនតាមទម្រង់ផ្តល់ស្តង់តាំងពិព័រណ៍មួយចំនួនដែលមិនគិតថ្លៃ និងគោលនយោបាយអនុគ្រោះខាងពន្ធដារទៅលើផលិតផលតាំងពិព័រណ៍និងផ្តល់ប្រាក់ឧបត្ថម្ភកធនជាដើម ។
រឿងរ៉ាវដ៏រស់រវើករបស់“មិត្តចាស់”ទាំងនេះបានបង្ហាញទៅកាន់ពិភពលោកថា ពិព័រណ៍នាំចូលចិនអន្តរជាតិគឺជាការអនុវត្តជាក់ស្តែងដ៏រស់រវើករបស់ចិនក្នុងការជំរុញការបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ។ ស្របនឹងពេលដែលពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី៦ជិតនឹងបើកធ្វើ រឿងរ៉ាវរបស់“មិត្តចាស់”នៃពិព័រណ៍នាំចូលចិនអន្តរជាតិនឹងមានខ្លឹមសារដ៏អស្ចារ្យថ្មីៗ ហើយ “ការចែករំលែកឱកាសរបស់ចិន”ក៏នឹងបង្ហាញពីខ្លឹមសារកាន់តែស៊ីជម្រៅនិងសម្បូរបែបផងដែរ ៕
អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន