ព័ត៌មានអន្តរជាតិ

Update៖ លោក Blinken ធ្វើដំណើរទៅកាន់អ៊ីរ៉ង់ ដើម្បីព្យាយាមបន្ថយភាពតានតឹង ក្រោយសង្គ្រាមផ្ទុះឡើងរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់

រូបភាពពី៖​ AFP

បាដាដ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃអាទិត្យ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានទៅបំពេញទស្សនកិច្ចដោយមិនប្រកាសឲ្យដឹងទៅកាន់ប្រទេសអ៊ីរ៉ាក់ ខណៈដែលលោកបានធ្វើដំណើរទៅកាន់ប្រទេសនៅឯមជ្ឈិមបូព៌ា ដើម្បីព្យាយាមកាត់បន្ថយភាពតានតឹង បន្ទាប់ពីសង្គ្រាមបានផ្ទុះឡើងរវាងអ៊ីស្រាអ៊ែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ ។

ក្រោយពីដំណើរទស្សនកិច្ចនៅមុននេះទៅកាន់តំបន់ West Bank លោក Blinken បានចុះចតនៅទីក្រុងបាកដាដកាលពីល្ងាចថ្ងៃអាទិត្យសម្រាប់ដំណើរទស្សនកិច្ចលើកដំបូងរបស់គាត់ទៅកាន់ប្រទេសក្នុងនាមជាអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក និងបានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Mohammed al Sudani ផងដែរ ។

លោកបានថ្លែងថា សហរដ្ឋអាមេរិក កំពុងធ្វើការយ៉ាងខ្លាំងដើម្បីធានាថា ជម្លោះនៅហ្គាហ្សាមិនរីករាលដាលនោះទេ ។

លោក Blinken បានថ្លែងថា គាត់មានការសន្ទនាល្អ និងស្មោះត្រង់ជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ ហើយថា មន្ត្រីអាមេរិកកំពុងធ្វើការដើម្បីធានាការផ្អាកមនុស្សធម៌នៅតំបន់ហ្គាហ្សា ដែលនឹងជំរុញអាទិភាពជាច្រើន រួមទាំងការទទួលបានជំនួយបន្ថែម និងដកយកចំណាប់ខ្មាំងពីក្រុមហាម៉ាស់ មកវិញ ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីការសម្រាកគ្មានការប្រកាសនៅក្នុងទីក្រុងបាកដាដ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកបានបញ្ជាក់ថា ឥឡូវនេះមានរថយន្តជំនួយចំនួន១០០គ្រឿងកំពុងធ្វើដំណើរចូលទៅក្នុងតំបន់ឆ្នេរដែលត្រូវបានឡោមព័ទ្ធ ប៉ុន្តែ “វាមិនគ្រប់គ្រាន់ទាល់តែសោះ” ។

ក្រុងវ៉ាស៊ីនតោន ចង់ទប់ស្កាត់ជម្លោះក្នុងតំបន់ដែលរីករាលដាល និងបានបង្កើនការទូតជាមួយបណ្តាប្រទេសនៅក្នុងតំបន់ដែលប្រជាជនរបស់ពួកគេបានខឹងសម្បារចំពោះការវាយលុករបស់អ៊ីស្រាអ៊ែលទៅលើតំបន់ហ្គាហ្សា ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top