ព័ត៌មានអន្តរជាតិ

មេដឹកនាំ​កំពូល​អ៊ីរ៉ង់ ​ជួប​មេដឹកនាំ​ក្រុម​ហាម៉ាស និង​សម្តែង​ការ​គាំទ្រ សម្រាប់ក្រុមនេះ

Xinhua

តេអេរ៉ង់៖ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei បានសង្កត់ធ្ងន់លើ “គោលនយោបាយអចិន្ត្រៃយ៍” របស់ប្រទេសរបស់លោក ក្នុងការគាំទ្រកងកម្លាំងតស៊ូប៉ាឡេស្ទីន ប្រឆាំងនឹងអ៊ីស្រាអែល នៅក្នុងកិច្ចប្រជុំនាពេលថ្មីៗនេះជាមួយមេដឹកនាំក្រុមហាម៉ាសលោក Ismail Haniyeh ។

លោក Khamenei បានជួបជាមួយលោក Haniyeh ដែលជាប្រធានការិយាល័យនយោបាយ នៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) និងគណៈប្រតិភូអមដំណើររបស់លោក នៅរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់មេដឹកនាំ កាលពីថ្ងៃអាទិត្យដោយមិនបានបញ្ជាក់ កាលបរិច្ឆេទនៃកិច្ចប្រជុំនោះទេ។

លោក Khamenei បានរំលឹកឡើងវិញនូវការសរសើររបស់គាត់ចំពោះ “ប្រជាជនដ៏រឹងមាំនៃតំបន់ហ្គាហ្សា សម្រាប់ភាពអត់ធ្មត់ និងការតស៊ូរបស់ពួកគេ” ហើយបានបដិសេធយ៉ាងខ្លាំង ចំពោះ “ឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល ដែលកំពុងត្រូវបានប្រព្រឹត្តដោយមាន ការគាំទ្រដោយផ្ទាល់ពីសហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចមួយចំនួន”។

លោកក៏បានអំពាវនាវដល់រដ្ឋមូស្លីម និងសហគមន៍អន្តរជាតិ ឱ្យចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងផ្តល់ឱ្យប្រជាជនហ្គាហ្សានូវការគាំទ្រ “ទាំងអស់ និងជាក់ស្តែង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ

ក្នុងអំឡុងពេលនៃកិច្ចប្រជុំនោះ លោក Haniyeh បានបង្ហាញរបាយការណ៍នៃ ការវិវត្តចុងក្រោយបង្អស់នៅក្នុងតំបន់ ហ្គាហ្សាស្ទី្រព និងវេសបែង ក៏ដូចជា “ឧក្រិដ្ឋកម្ម” របស់អ៊ីស្រាអែលប្រឆាំងនឹងតំបន់ឆ្នេរសមុទ្រ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

ជម្លោះអ៊ីស្រាអ៊ែល-ហាម៉ាស ដែលអូសបន្លាយជិតមួយខែមកនេះ បានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនស្លាប់ចំនួន ៩,៧៧០នាក់ នៅតំបន់ហ្គាហ្សា។ នៅខាងអ៊ីស្រាអែល មនុស្សជាង ១,៤០០ នាក់បានបាត់បង់ជីវិត ដែលភាគច្រើនបំផុតនៅក្នុងប្រតិបត្តិការយោធា របស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ ខែតុលា ដែលបង្កឱ្យមានជម្លោះដែលកំពុងបន្ត៕

ប្រែសម្រួល ឈូក បូរ៉ា

To Top