បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov បានប្រាប់ Znanie Federal Education Marathon កាលពីថ្ងៃអាទិត្យថា ប្រទេសលោកខាងលិចបាន និងកំពុងបាត់បង់ផលប្រយោជន៍ សេដ្ឋកិច្ចរបស់ពួកគេ ទៅកាន់តំបន់បូព៌ា ដែលនេះជាមូលហេតុ ដែលឥឡូវនេះ ពួកគេប្រើទណ្ឌកម្មសេដ្ឋកិច្ច ដើម្បីបញ្ឈប់ការអភិវឌ្ឍន៍ របស់គូប្រជែងរបស់ពួកគេ ។
លោកបានមានប្រសាសន៍ថា៖ តំបន់បូព៌ាកំពុង អភិវឌ្ឍយ៉ាងសកម្ម ហើយសេដ្ឋកិច្ចចាស់ដែលធ្លាប់ត្រួតត្រាពីមុន ទាំងសេដ្ឋកិច្ច និងនយោបាយ កំពុងធ្លាក់ចុះជាបណ្តើរៗ ដោយកត់សម្គាល់ថា ការផ្លាស់ប្តូរបែបនេះ តែងតែកើតឡើង យ៉ាងឈឺចាប់ហើយប្រព័ន្ធចាស់នឹងលែងត្រូវប្រើ ប្រើាសកម្លាំងថ្មី ខណៈដែលសេដ្ឋកិច្ចថ្មីកំពុងលេចឡើងនឹងមានដូចជា ចិន រុស្ស៊ី និងឥណ្ឌាជាដើមទៅវិញ ។
រដ្ឋមន្ត្រីរូបនេះបានប្រកែកដែរថាលោកខាងលិចបានប្រកាន់ខ្ជាប់នូវវិធីសាស្រ្តដូចជាការប្រើប្រាស់រូបិយប័ណ្ណរបស់ពួកគេជាអាវុធដើម្បីទប់សេដ្ឋកិច្ចផ្សេងទៀត ។ លោកបាននិយាយថា ជាលទ្ធផល ដើម្បីរក្សាសណ្តាប់ធ្នាប់ចាស់ ជាមួយនឹងការដាក់ទណ្ឌកម្ម ប្រទេសលោកខាងលិច ធ្វើឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ចរបស់ខ្លួនជាចម្បង ខណៈដែលសេដ្ឋកិច្ចថ្មីកំពុងរីកចម្រើនលឿន កម្លាំងថ្មី និងសាច់ដុំនៃប្រទេសកំពុងកើនឡើង ហើយនយោបាយពួក គេកាន់តែមានអំណាច ។
យោងតាមលោក Siluanov សេដ្ឋកិច្ចដែល កំពុងរីកចម្រើនព្យាករណ៍ថា នឹងអាចមានឥទ្ធិពលលើដំណើរ ការសេដ្ឋកិច្ចពិភពលោកដោយមិន ចាំបាច់គោរពតាមបណ្តាប្រទេស លោកខាងលិច ទៀតនោះទេ ដែលក្នុងនោះ មានដូចជាក្រុមប្រទេសBRICS ជាដើមដែលជាជម្រើសជំនួស ឲ្យប្រព័ន្ធសេដ្ឋកិច្ចលោកខាងលិចចាស់ៗ៕
ប្រែសម្រួល៖ស៊ុនលី