ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថា រុស្ស៊ីបានដកខ្លួនជាផ្លូវការពីសន្ធិសញ្ញា ស្តីពីកងកម្លាំងប្រដាប់អាវុធសាមញ្ញនៅអឺរ៉ុប (CFE) នៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារនេះ ។
ប្រភពបានឲ្យដឹងថា “គិតត្រឹមម៉ោង ១២យប់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២៣ នីតិវិធីដក CFE សម្រាប់ប្រទេសរុស្ស៊ី ដែលត្រូវបានផ្អាកដោយប្រទេសរបស់យើង ក្នុងឆ្នាំ២០០៧ ត្រូវបានបញ្ចប់ ដូច្នេះហើយ ទីបំផុតឯកសារច្បាប់អន្តរជាតិ បានចូលទៅក្នុងប្រវត្តិសាស្ត្រ សម្រាប់យើង” ។
រុស្ស៊ី មិនបានមើលឃើញពីលទ្ធភាព នៃការបញ្ចប់កិច្ចព្រមព្រៀងគ្រប់គ្រងអាវុធជាមួយប្រទេសណាតូនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
កិច្ចព្រមព្រៀងពីរផ្សេងទៀត ដែលទាក់ទងនឹង CFE បានឈប់មានសុពលភាព សម្រាប់ប្រទេសរុស្ស៊ី – អនុស្សរណៈទីក្រុង Budapest ថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ១៩៩០ ដែលកំណត់កម្រិតអតិបរមានៃអាវុធ និងឧបករណ៍សាមញ្ញ សម្រាប់ប្រទេសចំនួន៦ Warsaw Pact និងកិច្ចព្រមព្រៀង Flank ថ្ងៃទី៣១ ខែឧសភា ឆ្នាំ១៩៩៦ ដែលបានកែប្រែសន្ធិសញ្ញាដើម។
CFE ដែលដើមឡើយបានចុះហត្ថលេខានៅឆ្នាំ១៩៩០ ដោយសមាជិកណាតូ នៅពេលនោះ និងរដ្ឋសន្ធិសញ្ញាវ៉ារស្សាវ៉ាចំនួន ៦ បានចូលជាធរមានក្នុងឆ្នាំ១៩៩២ ។ កតិកាសញ្ញានេះមានគោលបំណងបង្កើតតុល្យភាពរវាងសម្ព័ន្ធភាពយោធាទាំងពីរ ដោយកំណត់ចំនួនអាវុធ និងសម្ភារៈយោធា ដែលភាគីទាំងអស់ត្រូវបានអនុញ្ញាតឱ្យប្រមូលផ្តុំ៕ ប្រែសម្រួល ឈូក បូរ៉ា