ព័ត៌មានអន្តរជាតិ

​អេហ្ស៊ីប និងអ៊ីរ៉ង់ គូសបញ្ជាក់អំពីតម្រូវការ ដើម្បីទប់ស្កាត់ការ ពង្រីកជម្លោះនៅតំបន់ហ្គាហ្សា

AFP

គ៊ែរ៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry និងសមភាគីអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានសង្កត់ធ្ងន់​ ពីតម្រូវការ ដើម្បីទប់ស្កាត់ការពង្រីក ជម្លោះហាម៉ាស-អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។

ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ អ្នកការទូតកំពូលទាំងពីរ បានផ្លាស់ប្តូរការវាយតម្លៃលើសន្តិសុខ និងស្ថានភាពមនុស្សធម៌នៅហ្គាហ្សា នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសអេហ្ស៊ីប។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា លោក Shoukry ក្នុងអំឡុងពេលការហៅទូរស័ព្ទ បានពិនិត្យមើលដំណើរការ នៃការផ្តល់ជំនួយចូលទៅក្នុងតំបន់ឆ្នេរប៉ាឡេស្ទីន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

រដ្ឋមន្ត្រីទាំងពីរ ក៏បានពិភាក្សាអំពីការរៀបចំ សម្រាប់កិច្ចប្រជុំកំពូលអ៊ីស្លាមវិសាមញ្ញ ដែលគ្រោងធ្វើនៅថ្ងៃទី១២ ខែវិច្ឆិកា នៅរដ្ឋធានី រីយ៉ាដ អារ៉ាប៊ីសាអូឌីត ស្តីពីការវាយលុកដោយហិង្សារបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប ។

ការកើនឡើងនៃជម្លោះយោធាអ៊ីស្រាអែល-ប៉ាឡេស្ទីន ដែលកំពុងបន្តនៅក្នុងតំបន់ហ្គាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ១០,០០០នាក់ រួមទាំងកុមារ ៤,១០៤ នាក់ និងស្ត្រី ២,៦៤១នាក់ នេះបើយោងតាមក្រសួងសុខាភិបាល ដែលមានមូលដ្ឋាននៅហ្គាហ្សា។

នៅខាងអ៊ីស្រាអែល មនុស្សជាង ១,៤០០ នាក់បានបាត់បង់ជីវិត ដែលភាគច្រើននៅក្នុងការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើល ដែលធ្វើឡើង ដោយចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទីន (ហាម៉ាស) កាលពីថ្ងៃទី០៧ ខែតុលា ដែលបានបង្កឱ្យមានការប្រយុទ្ធគ្នារយៈពេលមួយខែ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top