ព័ត៌មានអន្តរជាតិ

ក្រុមតារាវិទូ រកឃើញប្រហោងខ្មៅ ដែលនៅឆ្ងាយបំផុត តាមរយៈតេឡេស្កុបរបស់អង្គការ NASA

NASA


ឡូសអ៊ែនជីឡេស៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ក្រុមតារាវិទូ បានរកឃើញប្រហោងខ្មៅ ដែលនៅឆ្ងាយបំផុត ដែលមិនធ្លាប់មាន នៅក្នុងកាំរស្មីអិច ដោយប្រើតេឡេស្កុប របស់អង្គការ NASA ។

គួរបញ្ជាក់ថា ប្រហោងខ្មៅស្ថិតនៅក្នុងដំណាក់កាលដំបូងនៃការលូតលាស់ ដែលមិនធ្លាប់មានពីមុនមក ដែលម៉ាស់របស់វាប្រហាក់ប្រហែលនឹងកាឡាក់ស៊ីមេរបស់វា ។

ដោយរួមបញ្ចូលគ្នានូវទិន្នន័យពី Chandra X-ray Observatory របស់អង្គការ NASA និង James Webb Space Telescope របស់អង្គការ NASA ក្រុមអ្នកស្រាវជ្រាវអាចរកឃើញស្នាមនៃប្រហោងខ្មៅដែលកំពុងលូតលាស់ត្រឹមតែ៤៧០ លានឆ្នាំបន្ទាប់ពីការផ្ទុះដ៏ធំ ។

អង្គការ NASA បានបញ្ជាក់ថា លទ្ធផលនេះអាចពន្យល់ពីរបៀបដែលប្រហោងខ្មៅដ៏ធំបំផុតដំបូងបង្អស់នៅក្នុងសកលលោកបានបង្កើតឡើង ។

ក្រុមខាងលើបានរកឃើញប្រហោងខ្មៅនៅក្នុងកាឡាក់ស៊ីមួយដែលមានឈ្មោះថា UHZ1 ក្នុងទិសដៅនៃចង្កោមកាឡាក់ស៊ី Abell 2744 ដែលស្ថិតនៅចម្ងាយ៣,៥ពាន់លានឆ្នាំពន្លឺពីផែនដី ។

អង្គការ NASA បានបញ្ជាក់ឲ្យដឹងថា ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យរបស់ Webb បានបង្ហាញថា កាឡាក់ស៊ីនៅឆ្ងាយជាងចង្កោម គឺស្ថិតនៅចម្ងាយ១៣,២ ពាន់លានឆ្នាំពន្លឺពីផែនដី នៅគ្រាដែលសកលលោកមានត្រឹមតែ៣ភាគរយនៃអាយុបច្ចុប្បន្នរបស់វា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top