តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានបញ្ជាក់កាលពីថ្ងៃអង្គារជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ថា ប្រទេសទាំងពីរនឹងធ្វើការរួមគ្នា ដើម្បីព្យាយាមធ្វើឱ្យស្ថានការណ៍នៅក្នុងសង្គ្រាមស្ងប់ស្ងាត់រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។
ក្រោយមកនៅថ្ងៃនោះ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa ដែលបានចូលកាន់តំណែងនៅពាក់កណ្តាលខែកញ្ញា ក៏បានផ្លាស់ប្តូរទស្សនៈជាមួយលោក Blinken អំពីជម្លោះ ដោយសង្កត់ធ្ងន់លើការថ្កោលទោសយ៉ាងខ្លាំងរបស់ជប៉ុន ចំពោះការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាស។
លោកស្រី Kamikawa បានថ្លែងអំណរគុណដល់លោក Blinken អំពីកិច្ចខិតខំប្រឹងប្រែងការទូតរបស់សហរដ្ឋអាមេរិក ទាក់ទងនឹងការវិវត្តនៅមជ្ឈិមបូព៌ា នេះបើយោងតាមក្រសួងការបរទេសជប៉ុន។
ក្នុងអំឡុងពេលពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា Melanie Joly ទន្ទឹមនឹងនោះលោកស្រី Kamikawa ត្រូវបានដកស្រង់សម្តីដោយក្រសួងរបស់លោកស្រីថា ប្រទេសជប៉ុនមិនពេញចិត្ត ចំពោះការវាយប្រហារភេរវកម្ម និងការចាប់ពង្រត់ពលរដ្ឋស្លូតត្រង់ដោយក្រុមហាម៉ាស។
អ៊ីស្រាអែល បានពង្រីកការវាយប្រហារតាមផ្លូវអាកាស និងដីលើតំបន់ហ្គាហ្សារបស់ប៉ាឡេស្ទីន ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ចាប់តាំងពីការវាយប្រហារឆ្លងព្រំដែនដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមកាលពីថ្ងៃទី០៧ ខែតុលា ដែលបានសម្លាប់មនុស្សជាង ១,៤០០ នាក់។ ចាប់តាំងពីការវាយប្រហារសងសឹករបស់ខ្លួន ចំនួនអ្នកស្លាប់នៅក្នុងសង្គ្រាមបានកើនឡើងដល់ ១០,០០០នាក់។
ខណៈពេលដែលសហរដ្ឋអាមេរិក បានគាំទ្រយ៉ាងខ្ជាប់ខ្ជួនដល់អ៊ីស្រាអែល ប្រទេសជប៉ុនបានបន្តការទូតប្រកបដោយតុល្យភាពជាមួយបណ្តាប្រទេសនៅមជ្ឈិមបូព៌ា ដោយសារតែការពឹងផ្អែកយ៉ាងខ្លាំងលើប្រេងឆៅពីតំបន់៕ ប្រែសម្រួល ឈូក បូរ៉ា