ព័ត៌មានអន្តរជាតិ

IMF ព្យាករណ៍ថា GDP របស់ចិន នឹងកើនឡើងក្នុងរង្វង់ ៥,៤ ភាគរយនៅឆ្នាំ២០២៣

AFP

ប៉េកាំង៖ សេចក្តីថ្លែងការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឲ្យដឹងថា ផលិតផលក្នុងស្រុកសរុប​ (GDP) របស់ប្រទេសចិន ត្រូវបានព្យាករណ៍ថា នឹងកើនឡើង ៥,៤ភាគរយនៅឆ្នាំ២០២៣ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

​សេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយនាយករងទីមួយរបស់ IMF លោក Gita Gopinath បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនថា “សេដ្ឋកិច្ចចិន កំពុងស្ថិតនៅលើផ្លូវ ដើម្បីសម្រេចបាននូវគោលដៅកំណើនឆ្នាំ២០២៣ របស់រដ្ឋាភិបាល ដែលឆ្លុះបញ្ចាំងពីការស្ទុះងើបឡើងវិញក្រោយជំងឺកូវីដ”។

ក្រុម IMF ដឹកនាំដោយ Sonali Jain-Chandra ប្រធានបេសកកម្ម សម្រាប់ប្រទេសចិន បានទៅទស្សនកិច្ចប្រទេសចិនចាប់ពីថ្ងៃទី 26 ខែតុលា ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ដើម្បីធ្វើការពិភាក្សាលើការប្រឹក្សា មាត្រា ៤ ឆ្នាំ២០២៣។

ក្រុមការងារបេសកកម្មបានពិភាក្សាគ្នាក្នុងន័យស្ថាបនាជាមួយមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល ធនាគារប្រជាជនចិន តំណាងវិស័យឯកជន និងអ្នកសិក្សា ដើម្បីផ្លាស់ប្តូរទស្សនៈ ស្តីពីការរំពឹងទុក និងហានិភ័យសេដ្ឋកិច្ច វឌ្ឍនភាពកំណែទម្រង់ និងបញ្ហាប្រឈម និងការឆ្លើយតបគោលនយោបាយ។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅឯការបញ្ចប់បេសកកម្មកាលពីថ្ងៃអង្គារក្នុងទីក្រុងប៉េកាំង លោក Gopinath បានលើកឡើងថា ការព្យាករណ៍នេះឆ្លុះបញ្ចាំងពីការពិនិត្យឡើងវិញនូវការកើនឡើងនៃ ០,៤ភាគរយនៅក្នុងឆ្នាំ២០២៣ ទាក់ទងទៅនឹងទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលបានចេញផ្សាយនៅក្នុងខែតុលា ដោយសារតែទិន្នផលត្រីមាសទី៣ ខ្លាំងជាងការរំពឹងទុក និង ការប្រកាសគោលនយោបាយថ្មីៗ។

សេចក្ដីថ្លែងការណ៍បានឲ្យដឹងថា “ភាពជាអ្នកដឹកនាំ ដែលកំពុងកើនឡើងរបស់ចិន ក្នុងការដោះស្រាយបញ្ហាប្រឈមជាសាកល ដូចជាវិបត្តិអាកាសធាតុ និងវិបត្តិបំណុល មានសារៈសំខាន់សម្រាប់ប្រទេសចិន និងពិភពលោក។ តួនាទីរបស់ចិន ក្នុងការគាំទ្រការរៀបចំរចនាសម្ព័ន្ធបំណុលនៅក្នុងប្រទេស ដែលមានចំណូលទាប និងងាយរងគ្រោះត្រូវបានស្វាគមន៍ ហើយការបន្តត្រូវការជាចាំបាច់ សម្រាប់ការបន្ធូរបន្ថយបំណុលទាន់ពេលវេលា។ ​

លោក Thomas Helbling អនុប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បានប្រាប់សន្និសីទសារព័ត៌មានថា ឱកាសរបស់ប្រទេសចិន នាពេលអនាគតកើតឡើងពីមូលដ្ឋានគ្រឹះដ៏ល្អ រួមទាំងធនធានមនុស្ស និងបរិយាកាសអាជីវកម្មដ៏ល្អផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top