ព័ត៌មានអន្តរជាតិ

ជប៉ុន ​អំពាវនាវ​ឲ្យ​មាន ​កិច្ច​សហប្រតិបត្តិការ ​សម្រាប់​ការជំរុញ ផ្នែក​មនុស្សធម៌ ​នៅ​តំបន់​ហ្គាហ្សា ​

Kyodo

តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោកស្រី Yoko Kamikawa បានឲ្យដឹងថា សហគមន៍អន្តរជាតិ ត្រូវការកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកការជំរុញផ្នែកមនុស្សធម៌ ក្នុងសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដើម្បីផ្តល់ការផ្គត់ផ្គង់សំខាន់ៗ សម្រាប់ជនស៊ីវិលនៅតំបន់ហ្គាហ្សាស្ទ្រីប នៅក្នុងកិច្ចប្រជុំ នៃក្រុមរដ្ឋមន្ត្រីការបរទេសទាំង៧ (G7) ។

បន្ទាប់ពីកិច្ចប្រជុំអាហារថ្ងៃត្រង់ថ្ងៃដំបូង នៃការជួបជុំគ្នា រយៈពេលពីរថ្ងៃរបស់ពួកគេនៅទីក្រុងតូក្យូ លោកស្រី Kamikawa ក៏បានប្រាប់អ្នកសារព័ត៌មានថា ពួកគេនឹងបង្ហាញពី “ជំហររួបរួម” របស់ពួកគេ ចំពោះស្ថានភាពមជ្ឈិមបូព៌ា ចុងក្រោយបំផុតនៅក្នុង សេចក្តីថ្លែងការណ៍មួយនៅថ្ងៃពុធ។

រដ្ឋមន្ត្រីការបរទេសជប៉ុនបានឲ្យដឹងថា អ៊ីស្រាអែល បានបើកការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាទៅលើទឹកដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដើម្បីឆ្លើយតបទៅនឹង “ការវាយប្រហារភេរវកម្ម” ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន កាលពីខែមុន។

ការកត់សម្គាល់របស់លោកស្រី បានកើតឡើងចំពេលមានការរិះគន់ កាន់តែខ្លាំងឡើងលើសមាមាត្រ នៃការវាយប្រហារតាមផ្លូវអាកាស និងដីរបស់អ៊ីស្រាអែល ដែលអ្នកខ្លះនិយាយថា បំពានច្បាប់អន្តរជាតិ ក្នុងការសងសឹក ចំពោះការវាយប្រហារឆ្លងព្រំដែនដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា។

លោកស្រី Kamikawa បានបន្ថែមថា “ខ្ញុំជឿថាអ៊ីស្រាអែល មានសិទ្ធិការពារខ្លួន និងពលរដ្ឋរបស់ខ្លួនប្រឆាំង នឹងការវាយប្រហារភេរវកម្ម ដូចរដ្ឋអធិបតេយ្យដទៃទៀតដែរ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័តមានក្យូដូជប៉ុន។

យ៉ាងណាក៏ដោយ លោកស្រីបានលើកឡើងថា ប្រទេសជប៉ុន បានប្រាប់ទៅកាន់រដ្ឋាភិបាលអ៊ីស្រាអែលថា សកម្មភាពរបស់ខ្លួន ត្រូវតែស្របតាមច្បាប់អន្តរជាតិ។

លោកស្រី Kamikawa ក៏បាននិយាយនៅក្នុងកិច្ចប្រជុំថា ការដោះលែងចំណាប់ខ្មាំង ដែលកាន់កាប់ដោយក្រុមហាម៉ាស និងការកែលម្អស្ថាន ភាពមនុស្សធម៌គឺជា “បញ្ហាអាទិភាពកំពូល” ហើយ “ការទទួលបានមនុស្សធម៌” គួរតែត្រូវបានធានាជាលក្ខខណ្ឌជាមុន សម្រាប់ការផ្គត់ផ្គង់ជំនួយគ្រប់គ្រាន់៕
ប្រែសម្រួល ឈូក បូរ៉ា

To Top