ព័ត៌មានអន្តរជាតិ

កងកម្លាំងអ៊ីស្រាអែល ប្រើគ្រាប់បែកទម្ងន់ ២.០០០តោន វាយប្រហារសង្កាត់ Jabaliya ដែលមានប្រជាជនរស់នៅ យ៉ាងក្រាស់ក្រែលនៃតំបន់ហ្គាហ្សា

AFP

បរទេស៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុញ្ញាតលក់ឧបករណ៍ដែលមានតម្លៃ ៣២០លានដុល្លារទៅឱ្យប្រទេសអ៊ីស្រាអែល ដើម្បីកែលម្អភាពជាក់លាក់ និងប្រព័ន្ធណែនាំសម្រាប់គ្រាប់បែក នេះបើយោងតាមលិខិតដែល ក្រសួងការបរទេសអាមេរិកបានផ្ញើទៅសភា។ ការអនុញ្ញាតនេះធ្វើតាមការបញ្ជាទិញមុន ដែលមានតម្លៃ ៤០៣លានដុល្លារសម្រាប់ឧបករណ៍ស្រដៀងគ្នា ដើម្បីបំប្លែងគ្រាប់បែកដែលមិនមានការណែនាំ ទៅជាគ្រាប់បែកដែលដឹកនាំដោយ GPS ដែលមានភាពត្រឹមត្រូវជាងមុន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា អ៊ីស្រាអែលបានប្រើប្រាស់ឧបករណ៍ ដែលបានបញ្ជាក់នៅក្នុងប្រតិបត្តិការយោធារបស់ខ្លួន រួមទាំងការវាយប្រហារតាមអាកាស នាពេលថ្មីៗនេះនៅតំបន់ហ្គាហ្សាស្ទ្រីប។ ការវាយប្រហារតាមដែនអាកាសទាំងនេះ បានបង្កើនការព្រួយបារម្ភដោយសារតែ ឥទ្ធិពលរបស់វាទៅលើដី ដែលបណ្តាលឱ្យបាត់បង់ជីវិត ជនជាតិប៉ាឡេស្ទីនប្រមាណជាង ១០.០០០ នាក់ ដោយក្នុងនោះ ៤០ភាគរយ នៃជនរងគ្រោះគឺជាកុមារតូចៗ និងក្មេងជំទង់។

ខណៈពេលដែលឧបករណ៍ទាំងនេះត្រូវបានគេរំពឹងថា នឹងកាត់បន្ថយការស្លាប់ និងរបួសរបស់ជនស៊ីវិល ជម្លោះនាពេលថ្មីៗនេះបានបង្ហាញពីផលប៉ះពាល់ ដ៏ខ្លាំងក្លានៃគ្រាប់បែកបែបនេះ ជាពិសេសនៅក្នុងតំបន់ទីក្រុង។ អ៊ីស្រាអែលមានឃ្លាំងអាវុធសំខាន់ៗ រួមទាំងគ្រាប់បែកទម្ងន់ ១.០០០ផោន និង ២.០០០ ផោន ដែលជាគ្រាប់ធ្ងន់បំផុតដែល ប្រើដោយកម្លាំងយោធាណាមួយ។

ការវាយប្រហារតាមអាកាសកាលពីថ្ងៃទី ៣១ខែតុលា នៅក្នុងសង្កាត់ Jabaliya ដែលមានប្រជាជនរស់នៅ យ៉ាងក្រាស់ក្រែលនៃតំបន់ហ្គាហ្សា ពាក់ព័ន្ធនឹងគ្រាប់បែកទម្ងន់ ២.០០០ ផោន បានបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top