ព័ត៌មានអន្តរជាតិ

ជើងហោះហើរពីទីក្រុងដាណាង ទៅទីក្រុងហាណូយ ត្រូវផ្អាកជាង២ម៉ោង ក្រោយពីលឺបុរស២នាក់ ឆ្លើយឆ្លងគ្នាសួរកាំភ្លើង

VN EXPRESS

បរទេស៖ ជើងហោះហើរពីទីក្រុង ដាណាង ទៅកាន់ទីក្រុងហាណូយ ត្រូវបានពន្យារពេលជាងពីរម៉ោង កាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីអ្នកដំណើរប្រុសពីរនាក់ បានអះអាងថា ពួកគេមានកាំភ្លើងនៅលើយន្តហោះ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមអាជ្ញាធរអាកាសយានដ្ឋានកណ្តាលបានឱ្យដឹងថា ជើងហោះហើរនេះត្រូវបានកំណត់ពេលចេញដំណើរនៅម៉ោង ៧ និង២៥នាទី យប់។ យ៉ាងណាមិញ ពេលយន្តហោះហៀបនឹងហោះឡើង អ្នកដំណើរម្នាក់បានសួរដៃគូគាត់ថា “កាំភ្លើងនៅឯណា?” ប្រុសម្នាក់ទៀតបានឆ្លើយថា គាត់ទុកវានៅក្នុងអីវ៉ាន់របស់គាត់។

ភ្លាមៗនោះ ប្រធានក្រុមបានសម្រេចចិត្តពន្យារពេលជើងហោះហើរ ដើម្បីផ្ទៀងផ្ទាត់សម្តីរបស់ពួកគេ និងពិនិត្យមើលបញ្ហាសុវត្ថិភាព។

អ្នកដំណើរទាំងពីរនាក់ត្រូវបានមន្ត្រីសន្តិសុខព្រលានយន្តហោះ ដាណាង យកចុះពីលើយន្តហោះ ហើយអ្នកដំណើរទាំងអស់ និងអីវ៉ាន់ត្រូវបានពិនិត្យសុវត្ថិភាពឡើងវិញ។

នៅម៉ោង ៩ យប់ នៅថ្ងៃដដែលនោះ ដំណើរការស្វែងរកនៅលើយន្តហោះ អ្នកដំណើរ និងអីវ៉ាន់ត្រូវបានបញ្ចប់ ប៉ុន្តែភ្នាក់ងារសន្តិសុខមិនបានរកឃើញវត្ថុគ្រោះថ្នាក់ ឬគ្រឿងផ្ទុះដែលហាមឃាត់នោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top