ព័ត៌មានអន្តរជាតិ

Update៖ អ៊ីស្រាអ៊ែល វាយប្រហារតាមផ្លូវអាកាស ទៅលើទីតាំងយោធា នៅភាគខាងត្បូងស៊ីរី

រូបភាពពី៖​ AFP

ដាម៉ាស់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ក្រសួងការពារជាតិរបស់ប្រទេសរស៊ីរី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល បានវាយប្រហារមកលើទីតាំងយោធានៅភាគខាងត្បូងនៃប្រទេសស៊ីរីកាលពីយប់ថ្ងៃពុធ បណ្តាលឲ្យខូចខាតសម្ភារៈជាច្រើន ។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា កងកម្លាំងអ៊ីស្រាអ៊ែល បានធ្វើការវាយប្រហារពីទិសដៅនៃទីក្រុង Baalbek របស់ប្រទេសលីបង់ នៅម៉ោងប្រហែល២២និង២២នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៩និង២២នាទីម៉ោងសកលដោយផ្តោតលើការបន្ថែមយោធាជាច្រើននៅក្នុងតំបន់ភាគខាងត្បូង ។

ខណៈដែលសេចក្តីថ្លែងការណ៍មិនបានកំណត់អត្តសញ្ញាណទីតាំងគោលដៅនោះ វិទ្យុ Sham FM ដែលគាំទ្ររដ្ឋាភិបាលបានផ្សាយថា ការវាយប្រហាររបស់អ៊ីស្រាអ៊ែល បានវាយប្រហារទីតាំងនានានៅក្នុងតំបន់ជុំវិញរដ្ឋធានី ដាម៉ាស់ និងនៅក្នុងខេត្ត Sweida ភាគខាងត្បូង ។

ទន្ទឹមនឹងនេះដែរ ក្រុមឃ្លាំមើលសិទ្ធិមនុស្សប្រចាំនៅក្នុងប្រទេសស៊ីរី បានរាយការណ៍ពីការផ្ទុះជាច្រើន ដែលកើតចេញពីការវាយប្រហាររបស់អ៊ីស្រាអ៊ែល នៅឯជាយក្រុងដាម៉ាស់ ។

ចំពោះការបាញ់ផ្លោងរបស់អ៊ីស្រាអ៊ែល គឺបានកំណត់គោលដៅលើកសិដ្ឋានរបស់ក្រុមហ៊ុន Aqraba នៅតំបន់ជនបទ នៃទីក្រុង ដាម៉ាស់ ដែលជាកន្លែងមូលដ្ឋានទ័ពយោធាអាកាសស្ថិតនៅចម្ងាយត្រឹមតែ១៣គីឡូម៉ែត្រ នៅភាគខាងលិច នៃព្រលានយន្តហោះអន្តរជាតិនៃទីក្រុង ដាម៉ាស់ ។

ក្រុមសង្កេតការណ៍បានឲ្យដឹងទៀតថា ការវាយប្រហារក៏បានវាយប្រហារស្ថានីយរ៉ាដាមួយ ស្ថិតនៅភាគនិរតីនៃទីក្រុង ដាម៉ាស់ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top