ព័ត៌មានអន្តរជាតិ

ហុងឌូរ៉ាស ជំរុញឲ្យអាមេរិក បញ្ឈប់ការជ្រៀតជ្រែក កិច្ចការផ្ទៃក្នុងរបស់ខ្លួន

Xinhua

បរទេស ៖ រដ្ឋមន្ត្រីការបរទេសហុងឌូរ៉ាស លោក Eduardo Enrique Reina បានឲ្យដឹងថា លោកបានអំពាវនាវឱ្យ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅទីក្រុង Tegucigalpa លោកស្រី Laura Dogu បញ្ឈប់ការផ្តល់យោបល់ លើបញ្ហាផ្ទៃក្នុង និងអធិបតេយ្យភាព របស់ប្រទេសហុងឌូរ៉ាស រួមទាំងការតែងតាំង អគ្គមេធាវីស្តីទីថ្មី និងអនុប្រធានរបស់លោក ។

នៅក្នុងសន្និសិទសារព័ត៌មាន បន្ទាប់ពីជំនួបរបស់លោកជាមួយ Dogu ដែលគាត់បានប្រកាសកាលពីមួយថ្ងៃមុន Reina បានលើកឡើងថាលោកបានស្នើសុំឱ្យបេសកជនអាមេរិក “បញ្ឈប់ការផ្តល់យោបល់របស់នាងលើបញ្ហាផ្ទៃក្នុង” នៅក្នុងប្រទេសហុងឌូរ៉ាស ហើយបានសង្កត់ធ្ងន់ ទៅលើ “ការមិនពេញចិត្ត” របស់រដ្ឋាភិបាលហុងឌូរ៉ាស ជាមួយនឹងសេចក្តីថ្លែងការណ៍ពីមុន ដែលធ្វើឡើងដោយ នាង​និង​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​ផ្សេង​ទៀត។

យោងតាមលោក Reina និងលោក Dogu បានឲ្យដឹងថា លោកស្រីនឹងធ្វើការពិគ្រោះយោបល់ ពាក់ព័ន្ធបន្ទាប់ពីកិច្ចប្រជុំនេះ ហើយនឹងជូន ដំណឹងដល់ទីក្រុងវ៉ាស៊ីនតោន អំពីជំហររបស់រដ្ឋាភិបាលហុងឌូរ៉ាស។

ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក ជាមួយហុងឌូរ៉ាសមានភាពតានតឹង ចាប់តាំងពីគណៈកម្មការអចិន្ត្រៃយ៍ នៃសភាជាតិហុងឌូរ៉ាស បានតែងតាំងអគ្គមេធាវី ស្តីទីថ្មី និងអនុប្រធានរបស់លោកនៅថ្ងៃទី០១ ខែវិច្ឆិកា បន្ទាប់ពីសភា បានបរាជ័យក្នុងខែសីហាក្នុងការជ្រើស រើសពួកគេដោយការឯកភាព ហើយសហរដ្ឋ​អាមេរិក​បាន​ហៅ​ទង្វើ​នេះ ប្រឆាំង​នឹង​លទ្ធិប្រជាធិបតេយ្យ ។

លោក Reina បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះគឺស្រប តាមរដ្ឋធម្មនុញ្ញ នៃប្រទេសហុងឌូរ៉ាស ហើយ “វាត្រូវតែគោរព” ដូច្នេះប្រទេសនៅអាមេរិកកណ្តាល នឹងមិនទទួលយកយោបល់ លើបញ្ហាដែលតំណាងឱ្យ “ការជ្រៀតជ្រែកជាក់លាក់ នៅក្នុងការសម្រេចចិត្តផ្ទៃក្នុង ដែលបានធ្វើឡើងនៅក្នុងប្រទេស ហុងឌូរ៉ាសនោះទេ “៕
ប្រែសម្រួល ឈូក បូរ៉ា

To Top