ព័ត៌មានអន្តរជាតិ

អាមេរិក និងកូរ៉េខាងត្បូង កំពុងព្រួយបារម្ភជុំវិញទំនាក់ទំនងរវាងរុស្ស៊ី និងកូរ៉េខាងជើង

រូបភាពពី៖​ kyodo

វ៉ាស៊ីនតោន៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងលោក​ Park Jin បានចែករំលែកក្តីបារម្ភរបស់ពួកគេ អំពីការពង្រឹងទំនាក់ទំនងយោធារបស់កូរ៉េខាងជើង និងរុស្ស៊ី ក្នុងអំឡុងកិច្ចពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍ ក្នុងទីក្រុងសេអ៊ូល។

លោក Blinken បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយបន្ទាប់ពីកិច្ចពិភាក្សាដោយសំអាងថា “យើងកំពុងឃើញកូរ៉េខាងជើង ផ្តល់ឧបករណ៍យោធាដល់រុស្ស៊ី សម្រាប់ការបន្តការឈ្លានពានរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន ប៉ុន្តែយើងក៏កំពុងឃើញថា ប្រទេសរុស្ស៊ី ផ្តល់បច្ចេកវិទ្យា និងការគាំទ្រដល់កូរ៉េខាងជើង សម្រាប់កម្មវិធីយោធារបស់ខ្លួន” ទៅ​កូរ៉េ​ខាង​ជើង​។

លោកបានលើកឡើងថា “ហើយនោះជាការព្រួយបារម្ភពិតប្រាកដ សម្រាប់សន្តិសុខនៃឧបទ្វីបកូរ៉េ” ក៏ដូចជាការមិនរីកសាយភាយនុយក្លេអ៊ែរ នៅជុំវិញពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក​ Park បានលើកឡើងថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ចាំបាច់ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីបន្ថែមទៀត ដើម្បីទប់ទល់នឹងការគំរាមកំហែង ដែលបង្កឡើងដោយកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។

លោក​ បាននិយាយអំពីប្រព័ន្ធចែករំលែកព័ត៌មាន ដែលប្រទេសទាំង៣ មានបំណងទទួលបានប្រតិបត្តិការនៅចុងឆ្នាំនេះថា “ខ្ញុំគិតថាវាមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងចែករំលែកទិន្នន័យពេលវេលាជាក់ស្តែងអំពីមីស៊ីលផ្លោងរបស់កូរ៉េខាងជើង” ។

ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់កូរ៉េខាងត្បូង ដែលជាលើកទីមួយដោយរដ្ឋមន្ត្រីការបរទេសអាមេរិកក្នុងរយៈពេល ២ឆ្នាំកន្លះ បានកើតឡើងចំពេលដែលទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងកូរ៉េខាងជើង និងរុស្ស៊ី ជាមួយនឹងមេដឹកនាំនៃប្រទេសទាំងពីរបានជួបប្រជុំគ្នាកាលពីខែកញ្ញា នៅចុងបូព៌ារបស់រុស្ស៊ី​ ដែលជាកន្លែង ដែលពួកគេបានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រទ្វេភាគីបន្ថែមទៀត៕ ប្រែសម្រួល ឈូក បូរ៉ា

To Top