បរទេស ៖ កាសែត Wall Street Journal បានរាយការណ៍ កាលពីថ្ងៃសុក្រថា ប្រទេសអាល្លឺម៉ង់ កំពុងធ្វើការលើផែនការ បញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនមួយចំនួន ទៅកាន់ទ្វីបអាហ្រ្វិក ខណៈដែលករណី របស់ពួកគេកំពុងរង់ចាំ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា កាសែត Wall Street Journal បានផ្សាយដោយដកស្រង់សម្តី មន្ត្រីអាល្លឺម៉ង់ ដែលមិនបញ្ចេញឈ្មោះថា ទីក្រុងប៊ែរឡាំង កំពុងពិចារណាស្នើឱ្យប្រទេសកេនយ៉ា ហ្គាណា សេណេហ្គាល់ ម៉ារ៉ុក និងប្រទេសនៅអាហ្វ្រិក ផ្សេងទៀតផ្តល់កន្លែងស្នាក់នៅអ្នកស្វែងរកសិទ្ធិជ្រកកោនមួយចំនួន ខណៈដែលពាក្យសុំ របស់ពួកគេត្រូវបានដំណើរការ ដោយសារនីតិវិធី អាចចំណាយពេល “ច្រើនឆ្នាំ” ។
យោងតាមប្រភពរបស់ WSJ បានឱ្យដឹងថា សំណើនៅតែកំពុងត្រូវ បានចរចា ប៉ុន្តែអាចរួមបញ្ចូលការតាំង ទីលំនៅជាអចិន្ត្រៃយ៍ នៅក្នុងប្រទេសទាំងនេះ នៃអ្នកដែលមិនទទួលបានឋានៈជាជនភៀសខ្លួន ។ គ្រោងការណ៍នេះ ក៏អាចត្រូវបានប្រើដើម្បីលើកទឹកចិត្ត អ្នកដែលមានសិទ្ធិទទួលបានការការពារ នៅប្រទេសអាល្លឺម៉ង់ ឱ្យតាំងទីលំនៅនៅប្រទេសទីបី។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz ជំនួយការកំពូល និងរដ្ឋមន្ត្រីសំខាន់ៗ របស់លោក “បាននិងកំពុងស្វែងរកកិច្ចព្រមព្រៀង ដើម្បីផ្លាស់ប្តូរលំហូរជនភៀសខ្លួន ឆ្លងកាត់ទ្វីបអាហ្រ្វិកអស់រយៈពេលជាច្រើនខែ ហើយឥឡូវនេះកំពុងព្រាងការផ្តល់ជូនដល់រដ្ឋាភិបាលផ្សេងៗ” , នេះបើតាមមន្ត្រី ដែលមិនបញ្ចេញឈ្មោះបានប្រាប់ WSJ ។
ព័ត៌មាននៃការផ្លាស់ប្តូរសក្តានុពល នៅក្នុងគោលនយោបាយការធ្វើចំណាកស្រុក របស់ប្រទេសអាល្លឺម៉ង់ បានកើតឡើងបន្ទាប់ពី នាយករដ្ឋមន្ត្រីអ៊ីតាលី លោកស្រី Giorgia Meloni បានប្រកាសពីផែនការបង្កើត មជ្ឈមណ្ឌលទទួលអ្នកស្វែងរកសិទ្ធិជ្រកកោននៅក្នុងប្រទេសអាល់បានី ។ លោកស្រីបានទទូចថា កិច្ចព្រមព្រៀង “អាចក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប និងប្រទេសមិនមែនសហភាពអឺរ៉ុប ក្នុងការគ្រប់គ្រងលំហូរចំណាកស្រុក”៕
ប្រែសម្រួលៈ ណៃ តុលា