បរទេស ៖ លោក Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla បាននិយាយថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ត្រូវតែជៀសវាងការបញ្ជូនជនជាតិអ៊ុយក្រែន វ័យក្មេងដោយមិនចាំបាច់ ឱ្យទៅស្លាប់នៅសមរភូមិ ជាមួយប្រទេសរុស្ស៊ី។ ការអត្ថាធិប្បាយរបស់លោក Elon Musk បានកើតឡើងចំពេល ដែលការវាយលុក ដ៏រអាក់រអួល របស់ទីក្រុងគៀវ ដែលទីក្រុងមូស្គូអះអាងថា បានធ្វើឱ្យទាហានអ៊ុយក្រែន រាប់ម៉ឺននាក់បានស្លាប់រួចទៅហើយ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងបទសម្ភាសន៍បែប podcaster អាមេរិក Lex Fridman ចេញផ្សាយកាលពីថ្ងៃសុក្រ មហាសេដ្ឋីបច្ចេកវិទ្យា របស់អាមេរិករូបនេះត្រូវបានសួរថាតើលោកជឿថា លោក Zelensky គួរតែចរចាសន្តិភាព ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែរឬទេ។
លោក Elon Musk មិនបានផ្តល់ចម្លើយត្រង់ទេ ប៉ុន្តែបានកត់សម្គាល់ដោយ “គ្រាន់តែណែនាំថា លោក Zelensky កុំបញ្ជូនផ្កាដែលជាយុវជនអ៊ុយក្រែន ឱ្យទៅស្លាប់នៅក្នុងលេណដ្ឋាន” ដោយមិនគិតពីថាតើគាត់ចូលរួមជាមួយពូទីនឬអត់។
លោក Elon Musk បានបន្ថែមថា «អ្នកណាដែលធ្វើការវាយលុកនឹងបាត់បង់មនុស្សជាច្រើន ហើយប្រវត្តិសាស្ត្រនឹងមិនមើលស្រាលពួកគេឡើយ»។
នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះបានថ្លឹងថ្លែងលើអរិភាពរវាងទីក្រុងមូស្គូ និងទីក្រុងគៀវ ក្នុងឱកាសជាច្រើន ដោយបានកត់សម្គាល់នៅក្នុងខែកញ្ញាថា ការវាយលុករបស់អ៊ុយក្រែន ដែលបានចាប់ផ្តើមនៅដើមរដូវក្តៅ បាននាំមកនូវ ការស្លាប់យ៉ាងច្រើន ៕
ប្រែសម្រួលៈ ណៃ តុលា