តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសម្តែងការប្រុងប្រយ័ត្នកាលពីថ្ងៃសៅរ៍អំពីការហោះហើរយន្តហោះទម្លាក់គ្រាប់បែករួមគ្នារវាងចិន និងរុស្ស៊ីនាពេលថ្មីៗនេះ នៅលើដែនទឹកក្បែរប្រទេសជប៉ុន ដោយព្រមានថា ប្រទេសរបស់លោកកំពុងប្រឈមមុខនឹងបរិយាកាសសន្តិសុខដ៏តឹងតែង និងស្មុគស្មាញបំផុតនៅក្នុងសម័យក្រោយសង្គ្រាម។
លោក គីស៊ីដា បានឲ្យដឹងនៅក្នុងសុន្ទរកថានៅឯមូលដ្ឋានទ័ពអាកាស Iruma របស់កងកម្លាំងស្វ័យការពារដែនអាកាសក្នុងខេត្តសៃតាម៉ា ជិតទីក្រុងតូក្យូ ដោយបន្ថែមការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយយ៉ាងរហ័សថា “ការប៉ុនប៉ងដើម្បីផ្លាស់ប្តូរស្ថានភាពជាឯកតោភាគីនៅជុំវិញប្រទេសរបស់យើងកំពុងកាន់តែខ្លាំងឡើង” ។
នៅក្នុងការកើតឡើងចុងក្រោយបំផុតក្នុងខែមិថុនា យន្តហោះទម្លាក់គ្រាប់បែកចិន និងរុស្ស៊ី ៤គ្រឿងបានរួមគ្នាហោះហើរពីលើដែនទឹកក្បែរប្រទេសជប៉ុន ដែលជំរុញឱ្យ ASDF បញ្ចេញយន្តហោះចម្បាំង ហើយយន្តហោះចម្បាំងជប៉ុនក៏បានឆ្លើយតបនឹងយន្តហោះទម្លាក់គ្រាប់ ដែលឆ្លងកាត់កាលពីខែវិច្ឆិកាឆ្នាំមុន។
ទោះបីជាដែនអាកាសរបស់ជប៉ុន មិនត្រូវបានរំលោភក៏ដោយ ក៏ក្រសួងការពារជាតិបានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ខ្លួនទៅកាន់ប្រទេសចិន និងរុស្ស៊ីតាមរយៈបណ្តាញការទូត ដោយមើលឃើញថាសកម្មភាពនេះជាការបង្ហាញពីកម្លាំង។
លោក គីស៊ីដា ក៏បានកត់សម្គាល់ផងដែរអំពីការសម្រេចចិត្តរបស់ប្រទេសជប៉ុន ដើម្បីធ្វើបច្ចុប្បន្នភាពឯកសារការពារសំខាន់ៗរបស់ខ្លួនកាលពីឆ្នាំមុន និងទទួលបានសមត្ថភាព “ប្រឆាំង” ឬសមត្ថភាពក្នុងការវាយលុកមូលដ្ឋានសត្រូវ ប្រសិនបើតម្រូវការកើតឡើង។ ការផ្លាស់ប្តូរនេះគឺជាការផ្លាស់ប្តូរគោលនយោបាយដ៏សំខាន់មួយនៅក្រោមរដ្ឋធម្មនុញ្ញ ដែលបោះបង់ចោលសង្រ្គាមរបស់ប្រទេសជប៉ុន៕ ប្រែសម្រួល ឈូក បូរ៉ា