ព័ត៌មានអន្តរជាតិ

ប្រព័ន្ធចែករំលែកព័ត៌មានមីស៊ីល ជប៉ុន អាមេរិក កូរ៉េខាងត្បូង ស្ថិតក្នុងដំណាក់កាលចុងក្រោយ

ប្រភព ៖ AFP

តូក្យូ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Minoru Kihara បានឲ្យដឹងថា ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានអះអាងកាលពីថ្ងៃអាទិត្យថា ប្រព័ន្ធរបស់ពួកគេ ដើម្បីចែករំលែកព័ត៌មានពេលវេលាជាក់ស្តែង ស្តីពីមីស៊ីលផ្លោងរបស់កូរ៉េខាងជើងគឺ “នៅក្នុងដំណាក់កាលចុងក្រោយ” ឆ្ពោះទៅរកការបាញ់បង្ហោះនៅចុងឆ្នាំ។

លោក Kihara បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូ បន្ទាប់ពីរៀបចំកិច្ចប្រជុំនិម្មិតជាមួយសមភាគីអាមេរិកលោក Lloyd Austin និងកូរ៉េខាងត្បូងលោក Shin Won Sik ថាប្រទេសទាំងបីនឹងពន្លឿនការងាររបស់ពួកគេបន្ថែមទៀតលើយន្តការដោយ​ថា “វឌ្ឍនភាពរលូន” ត្រូវបានគេមើលឃើញនៅក្នុងការរៀបចំរបស់ពួកគេ។

បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក មានប្រព័ន្ធដែលភ្ជាប់ដោយឡែកពីគ្នាជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង សម្រាប់ការចាប់ និងតាមដានកាំជ្រួចរបស់ទីក្រុងព្យុងយ៉ាង ប៉ុន្តែសម្ព័ន្ធមិត្តសន្តិសុខអាស៊ីដ៏សំខាន់របស់ខ្លួនខ្វះយន្តការសម្រាប់ការចែករំលែកព័ត៌មានបែបនេះភ្លាមៗ។

ចំពេលមានការបង្កើនកិច្ចសហប្រតិបត្តិការត្រីភាគីលើបញ្ហារួមទាំងការបាញ់សាកល្បងកាំជ្រួចម្តងហើយម្តងទៀតដោយទីក្រុងព្យុងយ៉ាង មេដឹកនាំប្រទេសទាំងបីបានព្រមព្រៀងគ្នាកាលពីខែសីហា ចំពោះគោលដៅនៃប្រតិបត្តិការចែករំលែកទិន្នន័យព្រមានមីស៊ីលតាមពេលវេលាជាក់ស្តែង “នៅចុងឆ្នាំ២០២៣”។

ប្រព័ន្ធដែលបានគ្រោងទុក ត្រូវបានគេរំពឹងថា នឹងអាចឱ្យប្រទេសទាំង៣ អាចរកឃើញ និងតាមដានការបាញ់កាំជ្រួចដោយកូរ៉េខាងជើងបានលឿន និងត្រឹមត្រូវជាងមុន។ លោក Kihara បានបន្ថែមថា ប្រមុខការពារជាតិទាំងបីក៏បានយល់ព្រមក្នុងអំឡុងកិច្ចពិភាក្សារបស់ពួកគេកាលពីថ្ងៃអាទិត្យ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរបស់ពួកគេ តាមរយៈសមយុទ្ធបីដងប្រចាំឆ្នាំ “នៅក្នុងវិស័យជាច្រើន”​៕
ប្រែសម្រួល ឈូក បូរ៉ា

To Top