បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារ ប្រឆាំងនឹងទីតាំងដែលមានទំនាក់ទំនង រវាងអ៊ីរ៉ង់ចំនួនពីរនៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃអាទិត្យ ដើម្បីជាការឆ្លើយតបទៅនឹង ការវាយប្រហារលើបុគ្គលិកអាមេរិក។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា នេះជាលើកទីបីហើយ ក្នុងរយៈពេលតិចជាងបីសប្តាហ៍ ដែលយោធាអាមេរិកបានកំណត់គោលដៅ ទីតាំងវាយប្រហារនៅក្នុងប្រទេសស៊ីរី ដែលខ្លួនបាននិយាយថា ត្រូវបានចងភ្ជាប់ជាមួយប្រទេសអ៊ីរ៉ង់ ដែលគាំទ្រក្រុមប្រដាប់អាវុធផ្សេងៗ ដែលទីក្រុងវ៉ាស៊ីនតោន ស្តីបន្ទោសចំពោះការកើនឡើងនៃ ការវាយប្រហារលើកងកម្លាំងរបស់ខ្លួននៅមជ្ឈិមបូព៌ា។
លោក Austin បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងយោធាសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារយ៉ាងជាក់លាក់ នៅថ្ងៃនេះទៅលើកន្លែងនានា នៅក្នុងប្រទេសស៊ីរីភាគខាងកើត ដែលប្រើប្រាស់ដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) និងក្រុមពាក់ព័ន្ធនឹងអ៊ីរ៉ង់ ដើម្បីឆ្លើយតបទៅនឹង ការវាយប្រហារបន្តប្រឆាំងនឹង បុគ្គលិកអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី” ។
លោកបាននិយាយថា «ការវាយប្រហារត្រូវបានធ្វើឡើងប្រឆាំងនឹង កន្លែងហ្វឹកហ្វឺនមួយ និងផ្ទះសុវត្ថិភាពមួយនៅជិតទីក្រុង Albu Kamal និង Mayadeen »។
សហរដ្ឋអាមេរិកបានកំណត់គោលដៅ លើទីតាំងស្តុកអាវុធដែលភ្ជាប់នឹង ទីក្រុងតេហេរ៉ង់ក្នុងប្រទេសស៊ីរីកាលពីថ្ងៃពុធ ហើយថែមទាំងបានវាយប្រហារ ទីតាំងចំនួនពីរនៅក្នុងប្រទេសកាលពីថ្ងៃទី ២៦ ខែតុលា ដែលអាមេរិកបាននិយាយថា ត្រូវបានប្រើប្រាស់ដោយអ៊ីរ៉ង់ និងអង្គការពាក់ព័ន្ធ។
ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ការវាយប្រហារជាបន្តបន្ទាប់គឺ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារម្តងហើយម្តងទៀត លើកងកម្លាំងអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ច្រើនជាង ៤៥ដងចាប់តាំងពីថ្ងៃទី១៧ ខែតុលា ដែលបានធ្វើឱ្យបុគ្គលិកអាមេរិក ជាច្រើននាក់រងរបួស ៕
ប្រែសម្រួលៈ ណៃ តុលា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
