បរទេស៖ ក្នុងគោលបំណង ជំរុញទំនុកចិត្តភ្ញៀវទេសចរចិន អាជ្ញាធរថៃបានសម្រេច ឱ្យមន្ត្រីប៉ូលិសចិន ចូលរួមក្នុងការល្បាតនៅ តាមទីក្រុង ទេសចរណ៍មួយ ចំនួនក្នុងព្រះរាជាណាចក្រថៃ ។
យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Thapanee Kiatphaibool នាយកអាជ្ញាធរទេសចរណ៍ថៃ (TAT) បានប្រកាសពីចំណាត់ការនេះកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រី លោក សេដ្ឋា ថាវីស៊ីន នៅអាកាសយានដ្ឋានសុវណ្ណភូមិ។
ការផ្តោតសំខាន់នៃកិច្ចប្រជុំ គឺការដោះស្រាយបញ្ហាសន្តិសុខ និង ការធានាគុណភាព នៃសេវាកម្មដែលផ្តល់ដល់ភ្ញៀវទេសចរ ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសថៃ។
លោក Thapanee បាននិយាយថា ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះ TAT និងក្រសួងទេសចរណ៍ និងកីឡាចាំបាច់ត្រូវសហការជាមួយប្រធានការិយាល័យស៊ើបអង្កេតកណ្តាល និងប៉ូលីសទេសចរណ៍។
នៅថ្ងៃទី ១៥ ខែវិច្ឆិកា ការពិភាក្សាស្តីពីការ ដាក់ពង្រាយប៉ូលីសចិន សម្រាប់ការល្បាតនៅក្នុងទីក្រុង ទេសចរណ៍សំខាន់ៗ របស់ប្រទេសថៃ នឹងត្រូវធ្វើឡើងជាមួយស្ថានទូតចិន ។ គោលការណ៍នេះ មានគោលបំណងធ្វើ ត្រាប់តាមគំរូជោគជ័យ ដែលធ្វើការនៅក្នុងប្រទេសអ៊ីតាលី ទោះបីជាទីក្រុងដែលគំរូនេះ នឹងត្រូវបានប្រើមិនទាន់ ត្រូវបានបង្ហាញក៏ដោយ។
គេរំពឹងថាគំនិតផ្តួចផ្តើមនេះ នឹងរួមចំណែកដល់គោលដៅ នៃការទទួលភ្ញៀវទេសចរណ៍ចិនរហូតដល់ ៤,៤ លាននាក់ក្នុងរយៈពេលពីរខែចុងក្រោយនៃឆ្នាំនេះ។
លោក Thapanee បាននិយាយថា “ចាំបាច់ត្រូវមានប៉ូលីសចិន នៅក្នុងប្រទេសថៃ ព្រោះវានឹងជួយយើងបង្ហាញភ្ញៀវ ទេសចរចិនថា ប្រទេសថៃ កំពុងពង្រឹងវិធានការសន្តិសុខរបស់ខ្លួន។ ម្យ៉ាងទៀត ទំនុកចិត្តរបស់អ្នកធ្វើដំណើរ នឹងត្រូវបានជំរុញ ប្រសិនបើមន្ត្រីប៉ូលីសរបស់ពួកគេអាចបញ្ជាក់ថា ប្រទេសថៃមានសុវត្ថិភាព”៕
ប្រែសម្រួលៈ ណៃ តុលា