ការ៉ាកាស៖ រដ្ឋាភិបាលវេណេស៊ុយអេឡា បានរិះគន់ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប ក្នុងការបន្តវិធានការបង្ខិតបង្ខំជាឯកតោភាគីប្រឆាំងនឹងប្រទេសនៅអាមេរិកខាងត្បូងរហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ក្រសួងការបរទេសវេណេស៊ុយអេឡា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះគឺ “ក្រអឺតក្រទម និងខុសច្បាប់” ហើយ “រំលោភលើគោលការណ៍ដ៏ពិសិដ្ឋនៃរដ្ឋធម្មនុញ្ញ និងបំពានលើបទដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ” ។
ការសម្រេចចិត្តរបស់សហភាពអឺរ៉ុប គឺជាឧទាហរណ៍នៃ “គោលនយោបាយជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង របស់វេណេហ្ស៊ុយអេឡា ដោយអនុវត្តវិធានការបន្ទាបបន្ថោក គ្រោះថ្នាក់ និងអយុត្តិធម៌ ដែលក្នុងករណីនេះ ស្វែងរកការដាក់ទណ្ឌកម្មពលរដ្ឋវេណេស៊ុយអេឡា ដែលអនុវត្តមុខងាររបស់ពួកគេក្នុងក្របខ័ណ្ឌនៃច្បាប់”។
ក្រសួងក៏បានរំលឹកឡើងវិញនូវដំណោះស្រាយរបស់អង្គការសហប្រជាជាតិ ដែលបានអនុម័តកាលពីសប្តាហ៍មុន ដែលគូសបញ្ជាក់ថា វិធានការបង្ខិតបង្ខំឯកតោភាគី “គឺផ្ទុយទៅនឹងច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងបទដ្ឋាន និងគោលការណ៍គ្រប់គ្រងទំនាក់ទំនងដោយសន្តិវិធីរវាងរដ្ឋនានា”។
ក្រសួងបានឲ្យដឹងថា វេណេស៊ុយអេឡា នឹងបន្តការតស៊ូរបស់ខ្លួន សម្រាប់ការបញ្ចប់ទណ្ឌកម្មយ៉ាងច្បាស់លាស់ ដោយជំរុញឱ្យសហភាពអឺរ៉ុប “ជៀសវាងការអនុវត្តអាណានិគមនិយម” និងបង្កើតចន្លោះវិជ្ជមានសម្រាប់កិច្ចសហប្រតិបត្តិការ។
គួរបញ្ជាក់ថា សហភាពអឺរ៉ុប ដែលបានដាក់ទណ្ឌកម្មប្រឆាំងប្រទេសវេណេស៊ុយអេឡា តាំងពីឆ្នាំ២០១៧ បានពន្យាពេលទណ្ឌកម្មកាលពីថ្ងៃចន្ទ សម្រាប់រយៈពេលប្រាំមួយខែទៀត៕ ប្រែសម្រួល ឈូក បូរ៉ា