ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ច្រានចោល​ការ​ចោទ​ប្រកាន់ ដែលថាខ្លួនដឹកនាំ​ក្រុម​តស៊ូ​ ក្នុង​តំបន់​ឲ្យ​វាយ​ប្រហារ​ មូលដ្ឋាន​ទ័ព​អាមេរិក

ប្រភព៖ Xinhua

តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Nasser Kanaani បានសង្កត់ធ្ងន់ កាលពីថ្ងៃចន្ទថា ក្រុមតស៊ូនៅមជ្ឈិមបូព៌ា “មិនទទួលយកការបញ្ជា ពីអ៊ីរ៉ង់នោះទេ និងធ្វើសកម្មភាពដោយឯករាជ្យ” ។

លោកបានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំសប្តាហ៍នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ ឆ្លើយតបទៅនឹងការចោទ ប្រកាន់របស់មន្ត្រីអាមេរិកមួយចំនួន ដែលបានចោទ ប្រកាន់អ៊ីរ៉ង់ថា “ដឹកនាំ និងផ្តល់បញ្ជាដល់ក្រុមតស៊ូក្នុងតំបន់” ដើម្បីកំណត់គោលដៅ មូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសក្នុងតំបន់មួយចំនួន។

លោក Kanaani បានលើកឡើងថា “ក្រុមទាំងនេះ សម្រេចចិត្តដោយឯករាជ្យ និងចាត់វិធានការចាំបាច់ ដោយផ្អែកលើការគណនា និងផលប្រយោជន៍របស់ពួកគេ ក៏ដូចជាប្រទេស និងប្រជាជនរបស់ពួកគេ”។

លោកបានអំពាវនាវឱ្យសហរដ្ឋអាមេរិក ជំនួសឱ្យការទម្លាក់ការចោទប្រកាន់នៅប្រទេសដទៃ ឱ្យ “យកចិត្តទុកដាក់ ចំពោះអាកប្បកិរិយារបស់ខ្លួន និងវិធានការមិនអាចទទួលយកបានក្នុងការផ្តល់ឱ្យអ៊ីស្រាអែលនូវការគាំទ្រទាំងអស់ (ក្នុងការវាយប្រហារ របស់ខ្លួនប្រឆាំង នឹងតំបន់ហ្គាហ្សា)” ដែលអាចនាំឱ្យមានការកើនឡើងនៅក្នុង ភាពតានតឹង និងការបើករណសិរ្សថ្មី ដោយក្រុមប្រឆាំង ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top