ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ភពផែនដីដ៏ធំល្វឹងល្វើយ អាចផ្តល់លំហកាន់តែទូលំទូលាយ សម្រាប់ការអភិវឌ្ឍរៀងខ្លួនរបស់ចិន និងសហរដ្ឋអាមេរិក ក៏ដូចជាវិបុលភាពរួមផងដែរ

តបតាមការអញ្ជើញរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើដំណើរ ទៅកាន់ក្រុងសាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិកដើម្បីចូលរួមកិច្ចជំនួប រវាងប្រមុខរដ្ឋចិននិងអាមេរិកព្រមទាំង ចូលរួមកិច្ចប្រជុំក្រៅផ្លូវការលើកទី ៣០ របស់ថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការ សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែវិច្ឆិកា ។

ដោយឡែកការទូតប្រមុខរដ្ឋគឺជា “ត្រីវិស័យ”សម្រាប់ចង្អុលបង្ហាញទិសដៅ នៃទំនាក់ទំនងចិន-អាមេរិក ដូច្នេះហើយ គ្រប់មជ្ឈដ្ឋាននៃប្រទេសចិន និងសហរដ្ឋអាមេរិកព្រមនិងសហគមន៍អន្តរជាតិ ក៏មានការរំពឹងទុកយ៉ាងខ្លាំង ចំពោះកិច្ចជំនួបនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូលើកនេះ ហើយសង្ឃឹមថា ក្រោមការដឹកនាំជាយុទ្ធសាស្រ្តស្តីពីការទូតប្រមុខរដ្ឋ ទំនាក់ទំនងរវាងចិននិងអាមេរិកនឹងវិលត្រឡប់ទៅ រកផ្លូវអភិវឌ្ឍន៍ប្រកបដោយភាពល្អបរិសុទ្ធ និងមានស្ថិរភាពឡើងវិញក្នុងពេលឆាប់ៗ ។

តើទំនាក់ទំនងរវាងចិននិងអាមេរិក ដែលកំពុងស្ថិតិក្នុងផ្លូវកែងម្តងទៀត នឹងទៅកាន់ទិសណា ភាគីទាំងពីរចាំបាច់ត្រូវធ្វើការជ្រើសរើសម្តងទៀត ចំណែកជោគវាសនានៃទំនាក់ទំនងទ្វេភាគី ដ៏សំខាន់បំផុតនៅលើពិភពលោក គឺក្តាប់ជាប់ក្នុងដៃរបស់ខ្លួន ។

ភពផែនដីដ៏ធំល្វឹងល្វើយអាចផ្តល់លំហ កាន់តែទូលំទូលាយសម្រាប់ការអភិវឌ្ឍរៀងខ្លួន របស់ចិននិងសហរដ្ឋអាមេរិក ក៏ដូចជាវិបុលភាពរួមផងដែរ ។ យ៉ាងណាមិញ ចាប់តាំងពីឈានចូលទសវត្សរ៍ទី ២ នៃសតវត្សរ៍ទី ២១ មក សហរដ្ឋអាមេរិកបានចាត់ទុកប្រទេសចិន ជាដៃគូប្រកួតប្រជែងចម្បងរបស់ខ្លួនបន្តិចម្តងៗ ។ នៅលើបណ្តាញអ៊ីនធឺណែតរបស់ចិន មានឃ្លាពេញនិយមមួយដែលថា “បំភ្លឺតែចង្កៀងផ្ទះខ្លួនឯងបានហើយ កុំពន្លត់ចង្កៀងរបស់អ្នកដទៃ “។ ការប្រកួតប្រជែងវវាងប្រទេសនិងប្រទេសជារឿងប្រក្រតីហើយក៏គ្មានផលប៉ះពាល់អ្វីទេ ប៉ុន្តែគួរតែជាការប្រកួតប្រជែង ប្រកបដោយភាពវិជ្ជមាន មិនមែនជាការប្រកួតប្រជែងដ៏អាក្រក់ ដែលវាយប្រហារគ្នាទៅវិញទៅមក និងប្រយុទ្ធយកស្លាប់រស់នោះទេ ។ ការប្រកាន់ខ្ជាប់ការយល់ដឹងដ៏ត្រឹមត្រូវ ចំពោះប្រទេសចិនគឺជាមូលដ្ឋានគ្រឹះ និងបុរេលក្ខខណ្ឌនៃការជំរុញទំនាក់ទំនង រវាងចិននិងអាមេរិកឱ្យមានស្ថិរភាពឡើងវិញ និងចូលក្នុងដំណើរវិលជុំដ៏វិជ្ជមាន ។

បច្ចុប្បន្ននេះ ការស្តារឡើងវិញនៃសេដ្ឋកិច្ចពិភពលោក មានកម្លាំងទន់ខ្សោយ ការប៉ះទង្គិចខាងភូមិសាស្ត្រនយោបាយ មានសភាពកាន់តែតានតឹងឡើង ហើយកត្តាមិនប្រាកដប្រជា និងអស្ថិរភាពកំពុងកើនឡើង ។ ទំហំសេដ្ឋកិច្ចសរុបរបស់ចិននិងអាមេរិក បានលើសពីមួយភាគបីនៃបរិមាណទូទៅនៃពិភពលោក ចំនួនប្រជាជនសរុបមានចំនួន ជិតមួយភាគបួននៃពិភពលោក ហើយទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួន ប្រហែលជាមួយភាគប្រាំនៃពិភពលោក ។ តើប្រទេសទាំងពីរចិននិងអាមេរិកគួររួមរស់ ជាមួយគ្នាដោយរបៀបណា វានឹងសម្រេចអនាគត និងជោគវាសនារបស់មនុស្សជាតិ ។

តាមការផ្សាយដំណឹងនៃកាសែត 《Financial Times》 របស់អង់គ្លេសឱ្យដឹងថា ទោះបីជាប្រព័ន្ធសារព័ត៌មានផ្សេងៗ បាននិងកំពុងឃោសនាបំប៉ោងពីអ្វីដែលហៅថា “ការផ្តាច់ទំនាក់ទំនងនិងផ្តាច់ខ្សែសង្វាក់” និង”ការលុបបំបាត់ហានិភ័យ” ក៏ដោយ ក៏ប៉ុន្តែកាលពីឆ្នាំមុន ទំហំពាណិជ្ជកម្មទ្វេភាគីរវាងអាមេរិកនិងចិន នៅតែពុះពារការលំបាកដែលបាន បំបែកកំណត់ត្រាថ្មីក្នុងប្រវត្តិសាស្ត្រ ។ តាមទិន្នន័យថ្មីបំផុតបានឱ្យដឹងថា មានសហគ្រាសអាមេរិកលើសពី ៧ ម៉ឺនសហគ្រាសបានវិនិយោគទុន និងប្រកបអាជីវកម្មនៅប្រទេសចិន ហើយអាជីវកម្មរបស់សហគ្រាសនៅប្រទេសចិនជិត ៩០ ភាគរយសម្រេចបាននូវប្រាក់ចំណេញ ។

មួយរយៈកាលចុងក្រោយនេះ និន្នាការធ្វើអន្តរកម្មដ៏វិជ្ជមានរវាងចិននិងអាមេរិក កំពុងកើនឡើងជាបន្តបន្ទាប់ ។ ចាប់តាំងពីចូលខែមិថុនាឆ្នាំនេះមក លោកប្រធានរដ្ឋចិន Xi Jinping បានជួបពិភាក្សាការងារជាមួយលោក Bill Gates សហប្រធានមូលនិធិ Bill Gates របស់សហរដ្ឋអាមេរិកនិងលោក Kissinger អតីតរដ្ឋមន្ត្រីការបរទេសអាមេរិក ហើយក៏បានឆ្លើយតបសារលិខិត របស់មិត្តភក្តិអាមេរិកជាបន្តបន្ទាប់ ដើម្បីជំរុញដោយផ្ទាល់នូវការប្រាស្រ័យទាក់ទង នៃគ្រប់មជ្ឈដ្ឋាននិងកិច្ចសហប្រតិបត្តិការ ក្នុងតំបន់រវាងចិននិងអាមេរិក ។ មន្រ្តីជាន់ខ្ពស់របស់អាមេរិកក្នុងនោះបូករួមទាំងលោក Blinken រដ្ឋមន្ត្រីការបរទេស លោកស្រី Janet Yellen រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងលោកស្រី Gina Raimondo រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មជាដើម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិនជាបន្តបន្ទាប់ ។ ប៉ុន្មានខែបន្ទាប់មក ចិននិងអាមេរិកបានបង្កើតក្រុមការងារ ផ្នែកសេដ្ឋកិច្ចនិងក្រុមការងារផ្នែកហិរញ្ញវត្ថុ ហើយបានបើកធ្វើកិច្ចប្រជុំលើកទីមួយជាបន្តបន្ទាប់ ។

កាលពីចុងខែតុលា លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្រ្តចិន និងជារដ្ឋមន្ត្រីការបរទេសចិនបានបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិកដើម្បីជួប ពិភាក្សាការងារជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកជាដើម ក៏ដូចជាបានជួបសំណេះសំណាល ជាមួយឥស្សរជនមជ្ឈដ្ឋានយុទ្ធសាស្ត្រ ឧស្សាហកម្មនិងពាណិជ្ជកម្មរបស់អាមេរិក ។ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ៦ ឆ្នាំ ២០២៣ គឺជាលើកទីមួយហើយដែលមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលអាមេរិកបានចូលរួម មជ្ឈដ្ឋានកសិកម្មអាមេរិក បានចាត់បញ្ជូនគណៈប្រតិភូទស្សនាប្រទេសចិន ដែលមានទ្រង់ទ្រាយធំបំផុតចាប់ពីឆ្នាំ ២០១៦ មក ។ ដោយឡែកលោក He Lifeng ឧបនាយករដ្ឋមន្ត្រីនិងជាអ្នកដឹកនាំភាគីចិន សម្រាប់កិច្ចសន្ទនាផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិន-អាមេរិក បានអញ្ជើញទៅបំពេញទស្សនកិច្ច នៅអាមេរិកពីថ្ងៃទី ៨ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ។ ការប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំជាន់ខ្ពស់ ចិននិងអាមេរិកបានកើនឡើង ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរ បានលេចចេញបាតុភូតវិជ្ជមាននៃ ការឈប់ធ្លាក់ចុះនិងឆ្ពោះទៅរកស្ថិរភាព ។

សូមបញ្ជាក់ថា មូលដ្ឋានគ្រឹះនៃទំនាក់ទំនង រវាងប្រទេសចិននិងសហរដ្ឋអាមេរិក គឺ ស្ថិតនៅត្រង់សង្គមស៊ីវិល ក្ដីសង្ឃឹមស្ថិតនៅត្រង់ប្រជាជន អនាគតស្ថិតនៅត្រង់យុវជន ក៏ដូចជាកម្លាំងរស់រវើកស្ថិតនៅត្រង់ស្រទាប់មូលដ្ឋាន ។ ពីដំណើរទស្សនកិច្ចនៅប្រទេសចិន ជាបន្តបន្ទាប់របស់អ្នកទទួលខុសត្រូវជាន់ខ្ពស់ នៃសហគ្រាសអាមេរិកជាច្រើនរូបដល់ ការរៀបចំធ្វើវេទិកាមិត្តភាពរវាងប្រជាជនចិន-អាមេរិក ពីប្រតិភូក្រុមខ្លាហោះអាមេរិកមក បំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រដល់ ការបើកធ្វើដោយជោគជ័យនៃមហាសន្និបាត ទីក្រុងមិត្តភាពចិន-អាមេរិកលើកទី ៥ ។ល។ ចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រជាជន នៃប្រទេសទាំងពីរបានបំពេញបន្ថែម កម្លាំងចលកមិនចេះចប់មិនចេះហើយដល់ កិច្ចសហប្រតិបត្តិការដ៏មេត្រីភាពរវាងចិននិងអាមេរិក ។

ការអភិវឌ្ឍនិងវឌ្ឍនភាពរបស់ប្រទេសចិន និងសហរដ្ឋអាមេរិកអាចក្លាយជាឱកាសរបស់គូភាគី តែមិនមែនជាបញ្ហាប្រឈមនោះទេ ។ ដោយឡែកសេដ្ឋកិច្ចនៃប្រទេសទាំងពីរ មានលក្ខណៈបំពេញបន្ថែមគ្នាច្រើនជាង លក្ខណៈប្រកួតប្រជែងគ្នា ហេតុនេះហើយ ភាគីទាំងពីរអាចផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះដល់គ្នាទៅវិញទៅមក ក៏ដូចជាវិបុលភាពរួមផងដែរ ។ ដូចប្រសាសន៍របស់លោក Gavin Newsom អភិបាលរដ្ឋកាលីហ្វ័រញ៉ានៃសហរដ្ឋអាមេរិក ដែលបានលើកឡើងក្នុងអំឡុងពេល បំពេញទស្សនកិច្ចនៅប្រទេសចិន នៅពេលមុននេះមិនយូរប៉ុន្មានថា កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិកនិងចិន មិនមែនជាការប្រកួតប្រជែងផលបូកសូន្យនោះទេ “ប្រទេសចិនទទួលបានជោគជ័យកាន់តែខ្លាំង យើងទាំងអស់គ្នាក៏ទទួលបាន ជោគជ័យកាន់តែខ្លាំងដែរ” ។

លោក Jeffrey Sachs សេដ្ឋវិទូដ៏ល្បីល្បាញរបស់អាមេរិកបានថ្លែងថា “សហរដ្ឋអាមេរិកនិងចិនបាននិងកំពុង ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកដើម្បីផ្តល់ផលប្រយោជន៍ និងសុខសុភមង្គលដល់ប្រទេសទាំងពីរ ក៏ដូចជាពិភពលោកផងដែរ វាគ្មានអ្វីគួរឱ្យសង្ស័យឡើយ នេះគឺត្រឹមត្រូវហើយអាចសម្រេចបាន” ។ ពីទីក្រុងសៀងហៃដល់ទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ យើងរួមគ្នារំពឹងទុកថា ប្រទេសចិននិងសហរដ្ឋអាមេរិក នឹងបើកទំព័រសករាជថ្មីក្នុងប្រវត្តិសាស្ត្រនៃការរួមរស់ ដោយសន្តិសហវិជ្ជមានរវាងប្រទេសធំៗ៕ អត្ថបទនិងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top