កាប៊ុល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០៣ថា យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងទទួលបន្ទុកកិច្ចការជនភៀសខ្លួន និងកិច្ចការធ្វើមាតុភូមិនិវត្តន៍របស់ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារនេះបានឲ្យដឹងថា ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ប្រមាណជាង៥.៥០០នាក់បានវិលត្រឡប់មកកាន់ប្រទេសកំណើតរបស់ពួកគេវិញហើយ កាលពីថ្ងៃចន្ទ ។
សេចក្តីថ្លែងការណ៍បានដាក់ថា ជនភៀសខ្លួនសរុបចំនួន៥.៦៤០នាក់បានវិលត្រឡប់ពីប្រទេសប៉ាគីស្ថានតាមច្រក Torkham និង Spin Boldak ទៅកាន់ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃចន្ទ ដោយបានបន្ថែមថា ជនភៀសខ្លួនទាំងនោះបានទទួលជំនួយជាចាំបាច់ ។
ក្រសួងខាងលើបានឲ្យដឹងថា ស្រដៀងគ្នានេះដែរ ជនភៀសខ្លួនអាហ្វហ្គានីស្ថានប្រមាណជាង៣.០០០នាក់បានវិលត្រឡប់ពីប្រទេសអ៊ីរ៉ង់ វិញកាលពីថ្ងៃចន្ទ ។
យោងតាមសេចក្តីរាយការណ៍ ជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន២,៥លាននាក់បាននិងកំពុងរស់នៅក្នុងប្រទេសប៉ាគីស្ថាន ដែលមានចំនួនប្រហាក់ប្រហែលគ្នានៅក្នុងប្រទេសអ៊ីរ៉ង់ ដែរ ។
ជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង៤០០.០០០នាក់បានត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេវិញក្នុងរយៈពេល២ខែចុងក្រោយនេះ ។ នេះបើយោងតាមសេចក្តីរាយការណ៍ចេញពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងដូច្នេះ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា