បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT សមាជិកសភា របស់តួកគីពីរនាក់ និងអតីតសមាជិកសភាម្នាក់ បានដាក់ញត្តិទៅរដ្ឋាភិបាល ក្នុងទីក្រុងអង់ការ៉ា ដើម្បីស្វែងរកការចោទ ប្រកាន់ពីបទប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មសង្គ្រាមប្រឆាំង នឹងនាយករដ្ឋមន្ត្រី អ៊ីស្រាអែល Benjamin Netanyahu ជុំវិញការប្រព្រឹត្ត របស់អ៊ីស្រាអែលនៅហ្គាហ្សា ។
ប្រភពដដែលបានឲ្យដឹងទៀតដែរថា សំណើនេះ ត្រូវបានគេរំពឹងថា នឹងឈានដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬហៅកាត់ថា ICC ដែលតួកគីនិងអ៊ីស្រាអែលមិន ដែលទទួលស្គាល់ឡើយ នាពេលកន្លងមក។
សមាជិកសភាតួគីទាំងបីនាក់ បានចូលរួមក្នុងការជំរុញអន្តរជាតិ កាន់តែខ្លាំងឡើង ដើម្បីកាត់ទោសមេដឹកនាំអ៊ីស្រាអែល ជុំវិញសង្គ្រាមរយៈពេលមួយ ខែមកហើយទៅលើក្រុមហាម៉ាស់ ដែលបានឆក់យកជីវិតជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់១១០០០នាក់នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមអាជ្ញាធរ ក្នុងតំបន់បានរាយការណ៍ ។
លោក Netanyah u បានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាស បន្ទាប់ពីក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន នេះបានបើកការវាយប្រហារ គួរឲ្យភ្ញាក់ផ្អើល ទៅលើទីតាំង របស់អ៊ីស្រាអែល កាលពីថ្ងៃទី៧ខែតុលា ដោយបានសម្លាប់មនុស្សប្រហែល ១២០០នាក់ និងចាប់ចំណាប់ខ្មាំង ជាង២០០នាក់ផ្សេងទៀត ៕
ប្រែសម្រួល៖ស៊ុនលី
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																											 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									