ហ្គាហ្សា៖ កងទ័ពអ៊ីស្រាអែល បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួនកំពុងធ្វើប្រតិបត្តិការ “ជាក់លាក់ និងជាគោលដៅ” ប្រឆាំងនឹងក្រុមហាម៉ាស នៅមន្ទីរពេទ្យ al-Shifa នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ៊ីស្រាអែល បានចោទក្រុមហាម៉ាសថា បានលាក់អ្នកប្រយុទ្ធរបស់ខ្លួននៅក្នុងមន្ទីរពេទ្យ ជាការអះអាងរបស់ក្រុមហាម៉ាស បានបដិសេធ។ មន្ទីរពេទ្យមានអ្នកជំងឺរាប់រយនាក់ និងបុគ្គលិកពេទ្យ ព្រមទាំងជនស៊ីវិលនាពេលបច្ចុប្បន្ន។
យោធាបានបញ្ជាក់ថា កងកម្លាំងអ៊ីស្រាអែល កំពុងធ្វើប្រតិបត្តិការ “ជាក់លាក់” ប្រឆាំងនឹងក្រុមហាម៉ាស នៅក្នុងតំបន់ជាក់លាក់នៃមន្ទីរពេទ្យខាងលើនេះ។
បើយោងតាមប្រភពប៉ាឡេស្ទីន ដែលមានព័ត៌មានមួយបានឲ្យដឹងថា ប្រតិភូអ៊ីស្រាអែល និងក្រុមហាម៉ាស បានឈានដល់កិច្ចព្រមព្រៀងដំបូង ដើម្បីអនុវត្តបទឈប់បាញ់មនុស្សធម៌ បណ្តោះអាសន្នក្រោមការឧបត្ថម្ភអន្តរជាតិ និងអារ៉ាប់។
ប្រភពដែលបានស្នើសុំមិនបញ្ចេញឈ្មោះ បានប្រាប់កាសែតស៊ិនហួថា ប្រតិភូត្រូវរាយការណ៍ទៅអាជ្ញាធរ ជាន់ខ្ពស់ទាំងសងខាង សម្រាប់ការយល់ព្រម ហើយកិច្ចព្រមព្រៀងអាចត្រូវបាន “អនុវត្តនៅពេលណាមួយ” ។
ប្រភពបានបដិសេធមិននិយាយ អំពីព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែបានឲ្យដឹងថា “វានឹងត្រូវបានអនុវត្តជាដំណាក់កាល” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ថែមថា បទឈប់បាញ់មនុស្សធម៌ ត្រូវបានគេរំពឹងថា នឹងប្រកាសក្នុងពេលឆាប់ៗនេះ ដែលចំណាប់ខ្មាំងជនស៊ីវិល ដែលកាន់កាប់ដោយក្រុមហាម៉ាស នៅតំបន់ហ្គាហ្សាស្ទ្រីប នឹងត្រូវបានដោះលែងជាថ្នូរនឹងការដោះលែងស្ត្រី និងកុមារ ដែលត្រូវបានចាប់ខ្លួនដោយអ៊ីស្រាអែល ៕
ប្រែសម្រួល ឈូក បូរ៉ា
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
