វ៉ាស៊ីនតោន៖ សភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ចំណាយប៉ុន្មានថ្ងៃ មុនថ្ងៃផុតកំណត់នៃការបិទរដ្ឋាភិបាល ដោយបញ្ជូនវាទៅព្រឹទ្ធសភាដើម្បីពិចារណា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សភាជាន់ទាបបានអនុម័តវិធានការ ផ្តល់មូលនិធិរយៈពេលខ្លីក្នុងសំឡេង៣៣៦-៩៥ ដោយមានអ្នកអភិរក្សមកពី គណបក្សសាធារណរដ្ឋប្រឆាំងនឹងច្បាប់នេះ ហើយគណបក្សប្រជាធិបតេយ្យចូលរួម ជាមួយគណបក្សសាធារណរដ្ឋ ដើម្បីអនុម័តវិធានការនេះ។
ច្បាប់ ដែលបានទៅដល់សភា ប្រហែល ៣ថ្ងៃមុនថ្ងៃផុតកំណត់បិទទ្វារនៅល្ងាចថ្ងៃសុក្រ នឹងបន្តផ្តល់មូលនិធិសម្រាប់ទីភ្នាក់ងារ និងកម្មវិធីមួយចំនួននៅកម្រិតបច្ចុប្បន្ន រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ និងកម្មវិធីផ្សេងទៀតរហូតដល់ថ្ងៃទី០២ ខែកុម្ភៈ។
ច្បាប់នេះគឺជាជោគជ័យដំបូងសម្រាប់លោក Mike Johnson ដែលត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានសភាកាលពីចុងខែតុលា បន្ទាប់ពីមានភាពចលាចលរយៈពេល ៣សប្តាហ៍ ខណៈដែលគណបក្សសាធារណរដ្ឋ បានតស៊ូស្វែងរកអ្នកជំនួសបន្ទាប់ពី ការបណ្តេញចេញជាប្រវត្តិសាស្ត្ររបស់លោក Kevin McCarthy ។
សេចក្តីព្រាងច្បាប់នេះ នឹងត្រូវបញ្ជូនទៅព្រឹទ្ធសភា ដែលរំពឹងថា នឹងអនុម័តសេចក្តីសម្រេចបន្តឱ្យបានឆាប់តាម ដែលអាចធ្វើទៅបាន ៕
ប្រែសម្រួល ឈូក បូរ៉ា