ព័ត៌មានអន្តរជាតិ

ឥណ្ឌា មិនផ្លាស់ប្តូរជំហរ ពាក់ព័ន្ធបញ្ហាប៉ាឡេស្ទីន

រូបភាពពី៖​ AFP

បរទេស៖ ការបោះឆ្នោតរបស់ទីក្រុងញូវដេលី (ឥណ្ឌា) លើដំណោះស្រាយដែលបានស្នើឡើងរបស់អង្គការសហប្រជាជាតិដែលរិះគន់ប្រទេសអ៊ីស្រាអែលកាលពីសប្តាហ៍មុន គឺឥណ្ឌាមិនបង្ហាញពីការផ្លាស់ប្តូរជំហររបស់ខ្លួនលើជម្លោះដែលកំពុងបន្តនៅតំបន់ហ្គាហ្សានោះទេ ហើយគ្រាន់តែឆ្លុះបញ្ចាំងពីជំហររបស់ខ្លួនលើដំណោះស្រាយ តាម “ទម្លាប់” ដែលត្រូវបានអនុម័តជាទៀងទាត់ជារៀងរាល់ឆ្នាំ។ នេះបើតាមមន្ត្រីដែលមិនបញ្ចេញឈ្មោះបានប្រាប់សារព័ត៌មាន The Hindu។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រទេសឥណ្ឌាស្ថិតក្នុងចំណោមប្រទេសចំនួន ១៤៥ ដែលកាលពីថ្ងៃទី ៩ ខែវិច្ឆិកា គឺបានបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលថ្កោលទោសសកម្មភាពតាំងទីលំនៅរបស់អ៊ីស្រាអែល នៅក្នុង “ទឹកដីប៉ាឡេស្ទីនដែលកាន់កាប់រួមទាំងក្រុងហ្សេរុយសាឡឹមខាងកើតនិង នៅតំបន់ Golan ស៊ីរីដែលកាន់កាប់” ។ សេចក្តីព្រាងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិបានអនុម័តដោយសំឡេងភាគច្រើនលើសលប់ ខណៈដែលប្រទេសចំនួន៧ រួមទាំងសហរដ្ឋអាមេរិក កាណាដា ហុងគ្រី និងអ៊ីស្រាអែល បានបោះឆ្នោតប្រឆាំង ហើយមានប្រទេសចំនួន ១៨ បានបដិសេធមិនបោះឆ្នោត។

គណៈកម្មាធិការទី៤ នៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៩ ខែវិច្ឆិកា បានបោះឆ្នោតអនុម័តដំណោះស្រាយចំនួន៦ ដែលរិះគន់អ៊ីស្រាអែល និងគាំទ្រជំនួយសម្រាប់ប៉ាឡេស្ទីននៅក្នុងដែនដីកាន់កាប់ និងជនភៀសខ្លួននៅកន្លែងផ្សេង។ ប្រទេសឥណ្ឌាបានបោះឆ្នោតគាំទ្រនូវដំណោះស្រាយចំនួន៥ក្នុងចំណោមដំណោះស្រាយទាំង៦ ដោយបដិសេធនូវដំណោះស្រាយមួយ ដែលទាក់ទងនឹងការស៊ើបអង្កេតការអនុវត្ត និងប្រតិបត្តិការរបស់អ៊ីស្រាអែលចំពោះការរំលោភសិទ្ធិមនុស្ស។

ដោយអត្ថាធិប្បាយលើការបោះឆ្នោតរបស់ឥណ្ឌា មន្ត្រីរូបនេះបានពន្យល់ថា “ដំណោះស្រាយប្រចាំឆ្នាំជាទៀងទាត់” ទាំងនេះគឺខុសពីដំណោះស្រាយដែលដឹកនាំដោយហ្ស៊កដានីកាលពីខែមុន ដែលស្វែងរកបទឈប់បាញ់នៅហ្គាហ្សា និង ដំណើរការមនុស្សធម៌ដែលមិនមានការរារាំងដល់ទឹកដីដែលត្រូវបានឡោមព័ទ្ធជាកន្លែងដែលឥណ្ឌាបានបដិសេធ៕ ប្រែសម្រួលៈ ណៃ តុលា

To Top