ព័ត៌មានអន្តរជាតិ

អង្គការណាតូ ចង់អូសអឺរ៉ុបចូលក្នុងវិបត្តិអ៊ុយក្រែន ក្រោយការសម្ពោធ មជ្ឈមណ្ឌលហ្វឹកហ្វឺន អ្នកបើកយន្តហោះចម្បាំង F-16 ថ្មី នៅរ៉ូម៉ានី

AFP

បរទេស៖ ប្រទេសរូម៉ានី បានសម្ពោធ មជ្ឈមណ្ឌលហ្វឹកហ្វឺន អ្នកបើកយន្តហោះចម្បាំង F-16 ថ្មី ដែលបម្រើដល់ប្រទេស អ៊ុយក្រែន និងសម្ព័ន្ធមិត្តណាតូរបស់រដ្ឋាភិបាលទីក្រុង ប៊ូឃើរេះ ជាមួយនឹងកន្លែងនេះ សំដៅធ្វើឱ្យប្រសើរឡើងនូវ “អន្តរប្រតិបត្តិការ” និងជួយប្លុកប្រឈមមុខនឹង “បញ្ហាប្រឈមដ៏ស្មុគស្មាញ” នៅក្នុងតំបន់។ ប៉ុន្តែមានហេតុផលផ្សេងទៀត សម្រាប់មូលដ្ឋាន ដែលណាតូ មិនចង់ផ្សព្វផ្សាយជាសាធារណៈ, នេះបើតាមលោក ការិន ខ្វីខូស្គី អតីតអ្នកវិភាគ របស់ក្រសួង ការពារជាតិអាមេរិក បាននិយាយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរ៉ូម៉ានី លោក អេងជែល ធីលវ៉ា និង សមភាគីហូឡង់លោកស្រី កាសៀ អូឡុងហ្គ្រិន បានធ្វើជាអធិបតីក្នុងពិធី សម្ពោធមជ្ឈមណ្ឌលបណ្តុះ បណ្តាលអ្នកប្រយុទ្ធអឺរ៉ុប នៅមូលដ្ឋាន ហ្វេទីស្ទី ភាគអាគ្នេយ៍នៃប្រទេសរ៉ូម៉ានីកាលពីថ្ងៃចន្ទ ជាមួយនឹងកន្លែងសម្រាប់បណ្តុះបណ្តាល ទាំងសម្រាប់អាកាសយានិកណាតូ និងអ៊ុយក្រែន ដែលបានបរិច្ចាគយន្តហោះ ដោយលោកខាងលិច ។

យន្តហោះ F-16 ចំនួន៥គ្រឿង ដែលជាការបរិច្ចាគរបស់ប្រទេសហូឡង់ បានមកដល់មូលដ្ឋានកាលពីសប្តាហ៍មុន ដោយយន្តហោះចំនួន ១៣គ្រឿងទៀត ត្រូវបានគេរំពឹងទុកថា នឹងមកដល់នៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ មូលដ្ឋាន ហ្វេទីស្ទី គឺជាផលិតផលនៃការសហការ រវាងកងទ័ពអាកាសរ៉ូម៉ានី យោធាហូឡង់ ដាណឺម៉ាក និងក្រុមហ៊ុនផលិត F-16 ឡក់ខីដ ម៉ាទីន ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ ប្រទេសរូម៉ានី លោកស្រី ខេតធ្លីន ខាវ៉ាឡិក បានបង្ហាញ ច្បាស់លាស់ថា ការសាងសង់មូលដ្ឋាននេះ គឺទាក់ទងដោយផ្ទាល់ទៅ នឹងយុទ្ធសាស្ត្ររុស្ស៊ី របស់អង្គការណាតូ ដោយនិយាយថា សម្ព័ន្ធភាពលោកខាងលិច មិនត្រឹមតែ នាំមកនូវការហ្វឹកហ្វឺន យន្តហោះចម្បាំង F-16 ប៉ុណ្ណោះទេ ថែមទាំងមានការគាំទ្រ ផ្នែកយោធាជាច្រើនប្រភេទផងដែរ នៅក្នុងការឆ្លើយតបរបស់ខ្លួនចំពោះ ការឈ្លានពានរបស់ រុស្ស៊ី។

ពិធីសម្ពោធមជ្ឈមណ្ឌលហ្វឹកហ្វឺន ហ្វេទីស្ទី ធ្វើឡើងបន្ទាប់ពីបញ្ចប់ផ្នែកនៃគម្រោងសាងសង់កងទ័ពអាកាសអាមេរិកតម្លៃ ១០០ លានដុល្លារនៅ ខេមហ្វៀ ទួស៊ី ដែលជាមូលដ្ឋានយោធាប្រហែល ៣០០ គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង ប៊ូឃើរេះ ក្នុងខែកញ្ញា។ គម្រោងនោះបានបង្កើតកន្លែងប្រតិបត្តិការ របស់កងអនុសេនាធំថ្មី ឃ្លាំង និងកន្លែងចតរថយន្តថ្មីមួយ ដោយគ្រឿងបរិក្ខារត្រូវ បានគេកំណត់ថានឹងក្លាយជា “មជ្ឈមណ្ឌលស្មារតី” សម្រាប់ការធ្វើផែនការ និងដឹកនាំបេសកកម្ម ពីមូលដ្ឋាន វិស្វករ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top