ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ចោទតួកគីថា កំពុងគាំទ្រអំពើភេរវកម្ម

AFP

បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃពុធបានច្រានចោល ការរិះគន់ពីប្រធានាធិបតីតួកគី Recep Tayyip Erdogan ដោយបាននិយាយថា ប្រទេស តួកគី គឺជាអ្នកឧបត្ថម្ភភេរវកម្មពិតប្រាកដ ហើយប្រទេសនេះគ្មានសិទ្ធិ មកបង្រៀននរណាម្នាក់ឡើយ។

យោងតាមសារព័ត៌មាន RT ចេញផ្សយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលដកស្រង់ដោយប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលថា «គាត់ (Erdogan) ហៅអ៊ីស្រាអែលថាជារដ្ឋភេរវជន ប៉ុន្តែតាមពិតគាត់វិញទេ ជាអ្នកគាំទ្ររដ្ឋភេរវជនរបស់ក្រុមហាម៉ាស»។ «គាត់ផ្ទាល់បានទម្លាក់គ្រាប់បែក លើភូមិរបស់តួកគីក្នុងព្រំដែនរបស់គាត់ យើងនឹងមិនទទួលយកការអធិប្បាយពីគាត់ទេ»។

ទីក្រុងអង់ការ៉ាបានធ្វើសង្រ្គាម ទៅលើក្រុមផ្តាច់ខ្លួនជនជាតិឃឺដ ទាំងនៅក្នុងទឹកដីតួកគី និងនៅក្រៅប្រទេសអស់ជាច្រើនឆ្នាំ។ កាលពីខែមុន តួកគីបានបើកការវាយប្រហារតាមអាកាស ជាបន្តបន្ទាប់ប្រឆាំងនឹងជនជាតិឃឺដ នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់។

នៅព្រឹកថ្ងៃពុធ នៅក្នុងសុន្ទរកថា ទៅកាន់គណបក្សយុត្តិធម៌ និងអភិវឌ្ឍន៍ (AKP) លោក Erdogan បានចោទប្រកាន់អ៊ីស្រាអែលថាជា “រដ្ឋភេរវកម្ម” សម្រាប់អ្វីដែលអ៊ីស្រាអែល បានធ្វើចំពោះប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ៕

ប្រែសម្រួលៈ ណៃ តុលា

To Top