ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិន ថ្លែងសុន្ទរកថា ជាលាយលក្ខណ៍អក្សរក្នុងកិច្ច ប្រជុំកំពូលនាយកប្រតិបត្តិផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម នៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក

នៅព្រឹកថ្ងៃទី ១៦ ខែវិច្ឆិកា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាជាលាយលក្ខណ៍អក្សរ ក្រោមចំណងជើងថា “ការរួមសហការគ្នាដើម្បីឆ្លើយតបបញ្ហាប្រឈម និងចារទំព័រថ្មីនៃកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក” ក្នុងកិច្ចប្រជុំកំពូលនាយកប្រតិបត្តិផ្នែកស្សាហកម្មនិងពាណិជ្ជកម្មនៃអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(ហៅកាត់APEC )ដែលធ្វើឡើងនៅទីក្រុង San Francisco សហរដ្ឋអាមេរិក។

លោក Xi Jinping បានលើកឡើងថា យើងត្រូវប្រកាន់ខ្ជាប់បំណងដើមរបស់ APEC ព្រមនិងបន្តជំរុញកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក។ យើងត្រូវរួមគ្នាគាំពារកម្មវត្ថុនិងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ប្រកាន់ខ្ជាប់នូវវិធីសាស្រ្តទាក់ទងគ្នារវាងប្រទេសនិងប្រទេស គឺធ្វើកិច្ចសន្ទនាតែមិនប្រឈមមុខដាក់គ្នា បង្កើតភាពជាដៃគូតែមិនបង្កើតបក្សសម្ព័ន្ធ ដើម្បីគាំពារវិបុលភាពនិងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ តំបន់អាស៊ីប៉ាស៊ីហ្វិកមិនអាច ហើយក៏មិនត្រូវក្លាយទៅជាសមរភូមិសម្រាប់ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយឡើយ កាន់តែមិនត្រូវធ្វើ”សង្រ្គាមត្រជាក់ថ្មី” និងប្រឈមមុខដាក់គ្នាជាប្លុកនោះទេ។

យើងត្រូវប្រកាន់ខ្ជាប់នូវភាពបើកចំហក្នុងតំបន់ ជំរុញយ៉ាងម៉ឺងម៉ាត់មិនងាករេនូវដំណើរការនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ី-ប៉ាស៊ីហ្វិក ជំរុញការតភ្ជាប់សេដ្ឋកិច្ចនៃបណ្តាប្រទេស និងកសាងសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបែបបើកចំហជាមួយនឹងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។ យើងត្រូវជំរុញការអភិវឌ្ឍដោយបរិវត្តកម្មឌីជីថល ឆ្លាតវៃ និងបៃតង ពង្រឹងការបំប្លែងគ្នារវាងការច្នៃប្រឌិតផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យានិងសមិទ្ធផល ជំរុញការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនៃសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចពិត ពួតដៃគ្នាធ្វើឱ្យអភិបាលកិច្ចផ្នែកបច្ចេកវិទ្យានិងវិទ្យាសាស្ត្រសកលមានសុក្រឹតភាព ព្រមនិងបង្កបរិយាកាសប្រកបដោយការបើកចំហ សមភាព យុត្តិធម៌ និងមិនរើសអើងក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

លោក Xi Jinping បានគូសបញ្ជាក់ទៀតថា និន្នាការទូទៅនៃកំណើនសេដ្ឋកិច្ចចិនដែលងាកទៅរកសភាពកាន់តែល្អប្រសើរក្នុងរយៈពេលវែង គឺមិនមានការផ្លាស់ប្តូរទេ ហើយក៏នឹងមិនផ្លាស់ប្តូរឡើយ។ យើងមានជំនឿ និងសមត្ថភាពក្នុងការសម្រេចបាននូវការអភិវឌ្ឍប្រកបដោយស្ថិរភាពរយៈពេលវែង ហើយបន្តនាំមកនូវកម្លាំងចលករ និងកាលានុវត្តភាពថ្មីជូនដល់ពិភពលោកជាមួយនឹងការអភិវឌ្ឍថ្មីរបស់ប្រទេសចិន៕
ដោយវិទ្យុមិត្តភាពកម្ពុជាចិន

To Top