ព័ត៌មានអន្តរជាតិ

រថយន្ត​មួយគ្រឿង បើក​បំបុករបាំង ​ស្ថានទូត​អ៊ី​ស្រា​អែ​ល ក្នុង​ទីក្រុង​តូ​ក្យូ

Kyodo

តូក្យូ៖ ប៉ូលិសបានឲ្យដឹងថា រថយន្តមួយគ្រឿងបានបើកបុករបាំងការពារ ដែលដាក់នៅជិតស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងតូក្យូនៅថ្ងៃព្រហស្បតិ៍នេះ ដោយបានបណ្ដាលឲ្យរងរបួសមន្ត្រីប៉ូលិសកុបកម្ម ដែលយាមនៅចំពេលសន្តិសុខ ដែលកើនឡើងដោយសារតែជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស។

ប៉ូលីសបានចាប់ខ្លួនលោក Shinobu Sekiguchi អាយុ ៥៣ឆ្នាំដែលជាសមាជិកនៃក្រុមស្តាំនិយម នៅកន្លែងកើតហេតុដោយចោទប្រកាន់ថា បានរារាំងមុខងាររបស់មន្រ្តី ដោយវាយលោកនៅម៉ោងប្រហែល ១០ និង ៥០នាទី ព្រឹកនៅលើផ្លូវមួយចម្ងាយ ៦០ ម៉ែត្រក្បែរស្ថានទូត។

ប្រហែល ៦ម៉ោងមុនពេលកើតហេតុ ការបង្ហោះដែលគេជឿថាត្រូវបានធ្វើឡើងដោយ Sekiguchi នៅលើ X ដែលពីមុនហៅថា Twitter បាននិយាយថា “អ៊ីស្រាអែល មានកំហុស ចំពោះការលុកលុយតំបន់ហ្គាហ្សាស្ទ្រីប” នេះបើយោងតាមប្រភពជិតស្និទ្ធនឹងបញ្ហានេះ។

លោក​បាន​សារភាព​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ ហើយ​បាន​និយាយ​ថា​ លោក​មាន​អារម្មណ៍​សោកស្ដាយ ចំពោះ​មន្ត្រី​ប៉ូលិស​នេះ​បើ​តាម​ប៉ូលិស។ មន្ត្រី​វ័យ​២០​ឆ្នាំ​រូប​នេះ​ បាន​រង​របួស​ដែល​រួម​មាន​បាក់​ម្រាម​ដៃ។

ឧបទ្ទវហេតុនេះបានកើតឡើង ចំពេលមានការរឹតបន្តឹងសន្តិសុខ ខណៈដែលក្រុមផ្សេងៗបាននិងកំពុង ធ្វើបាតុកម្មនៅជិតស្ថានទូត ដើម្បីតវ៉ាចំពោះការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប។

យោធាអ៊ីស្រាអែល បាននិងកំពុងបង្កើនការលុកលុយដី របស់ខ្លួននៅតំបន់ហ្គាហ្សា ដែលជាផ្នែកមួយនៃការប៉ុនប៉ងរបស់ខ្លួន ដើម្បីកម្ចាត់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស បន្ទាប់ពីខ្លួនបានធ្វើការវាយប្រហារឆ្លងព្រំដែន ដ៏ប្រល័យកាលពីថ្ងៃទី៧ ខែតុលា ដែលក្នុងនោះជនស៊ីវិលរាប់រយនាក់ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top