អង់ការ៉ា ៖ អ្នកជំងឺ ២៧នាក់មកពីតំបន់ហ្គាហ្សា និងអ្នកបម្រើ ១៣នាក់របស់ពួកគេដែលបានឆ្លងកាត់ព្រំដែន Rafah ឆ្លងកាត់ពីតំបន់ហ្គាហ្សាស្ទ្រីប ទៅកាន់ប្រទេសអេហ្ស៊ីបបានមកដល់រដ្ឋធានីតួកគី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
រដ្ឋមន្ត្រីសុខាភិបាលតួកគី Fahrettin Koca បានប្រាប់អ្នកយកព័ត៌មាននៅឯអាកាសយានដ្ឋានក្នុងទីក្រុងអង់ការ៉ា ថា “អ្នកជំងឺចំនួន ២៧នាក់មកពីតំបន់ហ្គាហ្សា ដែលភាគច្រើនជាអ្នកជំងឺមហារីកដែលត្រូវការការព្យាបាលជាបន្ទាន់ គឺស្ថិតនៅក្នុងប្រទេសរបស់យើង” ។
លោករដ្ឋមន្ត្រីបានលើកឡើងថា “យើងបានបង្កើតក្រុមសម្របសម្រួលសុខភាព ដែលមានគណៈកម្មាធិការបច្ចេកទេស ដើម្បីនាំអ្នកជំងឺមកប្រទេសរបស់យើងជាពិសេសអ្នកជំងឺមហារីក” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោកបានបន្ថែមថា តួកគី បានប្រគល់ជំនួយដល់តំបន់ហ្គាហ្សា រួមទាំងថ្នាំពេទ្យ សម្ភារៈបរិក្ខារពេទ្យ និងឧបករណ៍នានា ដើម្បីបំពេញតម្រូវការរបស់ប្រជាជននៅតំបន់ហ្គាហ្សា។
យន្តហោះដែលចេញដំណើរពីអាកាសយានដ្ឋាន El Arish របស់ប្រទេសអេហ្ស៊ីប បានចុះចតនៅអាកាសយានដ្ឋាន Ankara Esenboga នៅពាក់កណ្តាលអធ្រាត្រ។ ទីភ្នាក់ងាររដ្ឋ Anadolu បានរាយការណ៍ថា លោក Koca បានធ្វើដំណើរទៅកាន់ទីក្រុងអង់ការ៉ា ពីប្រទេសអេហ្ស៊ីបជាមួយនឹងអ្នកជំងឺមួយចំនួន។
លោកបានប្រាប់អ្នកយកព័ត៌មាន នៅក្នុងប្រទេសអេហ្ស៊ីប កាលពីថ្ងៃពុធថា អ្នកជំងឺទាំងនេះ នឹងក្លាយជាពលរដ្ឋហ្គាហ្សា ដំបូងគេដែលធ្វើដំណើរ ពីប្រទេសអេហ្ស៊ីប ទៅកាន់ប្រទេសមួយផ្សេងទៀត ដើម្បីព្យាបាល៕
ប្រែសម្រួល ឈូក បូរ៉ា