ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកទេសនៅទូទាំងប្រទេស ដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមលក្ខណៈរួចជាស្រេចសម្រាប់ ការចុះឈ្មោះ ត្រៀមមេរៀន សម្ភារៈ និងសម្អាតបរិស្ថានជុំវិញកន្លែងសិក្សាដើម្បីបើកទ្វាស្វាគមន៍យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ចូលរួមវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដែលជាកម្មវិធីថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ។
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថាការត្រៀមខ្លួនរួចរាល់នេះបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការកម្មវិធីថ្នាក់ជាតិស្តីពីការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ កាលពីថ្ងៃទី ១៤ ខែវិច្ឆិការ ២០២៣។
លោកបានណែនាំថា គ្រប់បណ្តាវិទ្យាស្ថានបច្ចេកទេសទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការសម្អាតបរិស្ថានជុំវិញទីធ្លារសាលារបស់ខ្លួនឱ្យមានរបៀបរៀបរយដើម្បីស្វាគមន៍បងប្អូនដែលជាយុវជនដែលមកចុះឈ្មោះ ក៏ដូចជាចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
លោកលើកឡើងថា ការធ្វើអនាម័យ និងពលកម្មជាកិច្ចការល្អសម្រាប់សោភ័ណ្ឌភាព និងបរិស្ថានមិនថានៅក្នុងផ្ទះសម្បែង ឬទីកន្លែងធ្វើការ ឬសាលារៀន ឬទីសាធារណៈដែលមនុស្សម្នាក់ៗត្រូវអនុវត្តជាប្រចាំ ហើយនេះជាទម្លាប់ល្អ និងជាគម្រូរដល់មនុស្សទូទៅ ។
លោកគូសបញ្ជាក់ថា៖ «សូមលើកទឹកចិត្តឱ្យមានការចូលរួមទាំងសិស្ស និងគ្រូ ក៏ដូចជាគណៈគ្រប់គ្រងវិទ្យាស្ថាន និងសាលា ដែលបានដុតដៃដុតជើងរៀបចំសណ្តាប់ធ្នាប់ សោភ័ណភាពសាលារបស់ខ្លួនសម្រាប់ទទួល
ប្អូនៗយុវជនដែលបាន និងកំពុងចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» ។
លោកអំពាវនាវដល់យុវជនសូមមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីប្អូនៗមានចំណេះជំនាញមួយច្បាស់លាស់ក្នុងជីវិត និងមានឱកាសការងារធ្វើល្អ ចំណូលសមរម្យ ។ ជាពិសេសប្អូនៗមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ គឺចូលរៀនមិនបង់ប្រាក់ និងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ២៨ ០០០០ រៀលថែមទៀត ។ នេះជាឱកាសមាសដែលរាជរដ្ឋាភិបាលផ្តល់ជូន
យុវជន និងគិតគូរដល់អនាគតយុវជន និងប្រជាជន ៕