ព្រឹកថ្ងៃទី ១៧ ខែវិច្ឆិការ តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំក្រៅផ្លូវការលើកទី ៣០ នៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាសីហ្វិកបានធ្វើឡើងនៅមជ្ឈមណ្ឌល Mosconeក្រុង San Francisco សហរដ្ឋអាមេរិក។ លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ជើញចូលរួមកិច្ចប្រជុំព្រមទាំងថ្លែងសុន្ទរកថាគន្លឹះក្រោមប្រធានបទ «ប្រកាន់ខ្ជាប់បំណងដើម សាមគ្គីគ្នាធ្វើកិច្ចសហប្រតិបត្តិការ ពួតដៃគ្នាជំរុញឱ្យអាស៊ី-ប៉ាស៊ីហ្វិកមានកំណើនអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់»។
លោក Xi Jinping បានគូសបញ្ជាក់ថា ចាប់តាំងពីបង្កើតយន្តការកិច្ចប្រជុំថ្នាក់ដឹកនាំតាមកាលកំណត់កន្លងមក អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិកបានដើរនៅជួរមុខនៃការបើកទូលាយនិងការអភិវឌ្ឍសកលជាប់រហូត បានជំរុញយ៉ាងខ្លាំងដល់សេរីភាពនិងកិច្ចសម្រួលនៃពាណិជ្ជកម្មនិងការវិនិយោគ ការអភិវឌ្ឍសេដ្ឋកិច្ចនិងបច្ចេកទេស ការផ្លាស់ប្តូរផ្នែកសម្ភារៈនិងបុគ្គលក្នុងតំបន់ បានបង្កើត “អច្ឆរិយវត្ថុអាស៊ី-ប៉ាស៊ីហ្វិក”ដ៏គួរឱ្យកត់សម្គាល់។
លោក Xi Jinping បានសង្កត់ធ្ងន់ថា យើងគួរតែប្រកាន់ខ្ជាប់បំណងដើមនៃកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបសំឡេងអំពាវនាវនៃយុគសម័យដោយមានទំនួលខុសត្រូវ ពួតដៃគ្នាឆ្លើយតបនឹងបញ្ហាប្រឈមជាសកល អនុវត្តយ៉ាងប្រាកដប្រជានូវចក្ខុវិស័យPutrajaya កសាងសហគមន៍រួមអាស៊ី-ប៉ាស៊ីហ្វិកប្រកបដោយភាពបើកទូលាយ ភាពរស់រវើក ភាពស្វិតស្វាញ និងសន្តិភាព ដើម្បីសម្រេចវិបុលភាពរួមរបស់ប្រជាជនអាស៊ី-ប៉ាស៊ីហ្វិកនិងកូនចៅជំនាន់ក្រោយ។ លោកបានលើងឡើងថា៖ទី១ ប្រកាន់ខ្ជាប់នវានុវត្តន៍និងកម្លាំងចលករ។ ត្រូវជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាកាន់តែសកម្ម ពួតដៃគ្នាដើម្បីបង្កើតបរិស្ថានសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប្រកបដោយការបើកទូលាយ សមភាព យុត្តិធម៌និងគ្មានការរើសអើង ។
ទី២ ប្រកាន់ខ្ជាប់ទិសដៅការបើកទូលាយ ។ ត្រូវគាំពារពាណិជ្ជកម្មនិងការវិនិយោគប្រកបដោយសេរីភាពនិងការបើកទូលាយ គាំទ្រនិងបង្កើនប្រព័ន្ធពហុពាណិជ្ជកម្មដែលមានអង្គការពាណិជ្ជកម្មពិភពលោកជាស្នូល គាំពារស្ថិរភាពនិងភាពរលូននៃខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក ប្រឆាំងនឹងការធ្វើឱ្យបញ្ហាសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្លាយជាបញ្ហានយោបាយ បញ្ហាអាវុធនិងបញ្ហាសន្តិសុខមានភាពទូទៅ។
ទី៣ ប្រកាន់ខ្ជាប់ការអភិវឌ្ឍបៃតង ។ត្រូវប្រកាន់ខ្ជាប់មនុស្សនិងធម្មជាតិរួមរស់នៅជាមួយគ្នាដោយសុខដុមរមនា ពន្លឿនការធ្វើបរិវត្តកម្មបៃតងនិងកាបូនទាបនៃរូបមន្តការអភិវឌ្ឍ និងសហការជំរុញការកាត់បន្ថយកាបូន កាត់បន្ថយការបំពុល ពង្រីកភាពបៃតងនិងកំណើន។
ទី៤ ប្រកាន់ខ្ជាប់អនុគ្រោះនិងការចែករំលែក ។ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវរបៀបវារៈអភិវឌ្ឍន៍ជានិរន្តរភាពឆ្នាំ២០៣០ នៃអង្គការសហប្រជាជាតិ ជំរុញបញ្ហាអភិវឌ្ឍន៍ឱ្យវិលត្រឡប់ទៅកាន់ចំណុចកណ្តាលនៃរបៀបវារៈអន្តរជាតិ ធ្វើឱ្យស៊ីជម្រៅនូវការតភ្ជាប់យុទ្ធសាស្រ្តនៃការអភិវឌ្ឍ រួមគ្នាដោះស្រាយបញ្ហាឱនភាពនៃការអភិវឌ្ឍជាសកល។
លោក Xi Jinping បានសង្កត់ធ្ងន់ថា ប្រទេសចិនប្រកាន់ខ្ជាប់ការដើរតាមផ្លូវសន្តិភាពនិងការអភិវឌ្ឍ ប្រកាន់ខ្ជាប់ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ប្រកាន់ខ្ជាប់ការបើកចំហក្នុងកម្រិតខ្ពស់ ការធ្វើទំនើបកម្មតាមបែបផែនចិនដើម្បីផ្តល់កាលានុវត្តភាពថ្មីដល់ការជំរុញឱ្យសម្រេចទំនើបកម្មរបស់បណ្តាប្រទេសនានាលើពិភពលោក។
ប្រទេសចិនរីករាយរួមជាមួយបណ្តាភាគីនានាខិតខំប្រឹងប្រែងដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការអាស៊ី-ប៉ាស៊ីហ្វិកទទួលបានសមិទ្ធផលជាផ្លែផ្កាកាន់តែច្រើន រួមគ្នាបង្កើត “៣០ឆ្នាំមាស”មួយទៀតរបស់អាស៊ី-ប៉ាស៊ីហ្វិក៕ ដោយវិទ្យុមិត្តភាពកម្ពុជាចិន