ព័ត៌មានអន្តរជាតិ

មូលដ្ឋានយោធាអាមេរិក នៅស៊ីរី ត្រូវយន្តហោះគ្មានមនុស្សបើកវាយប្រហារ បណ្តាលឱ្យទាហានម្នាក់ របួស

រូបភាពពី៖​ AFP

បរទេស៖ មូលដ្ឋានយោធារបស់អាមេរិកមួយកន្លែងនៅក្នុងផ្នែកកាន់កាប់ នៃភាគឦសានប្រទេសស៊ីរី បានស្ថិតនៅក្រោមការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលបានធ្វើឱ្យសមាជិកសេវាម្នាក់រងរបួស។
មូលដ្ឋានទ័ពនេះមានទីតាំងនៅ Tel Baidar ក្នុងខេត្ត Hasaka ភាគខាងកើតប្រទេសស៊ីរី នេះបើតាម Al Mayadeen ដែលមានមូលដ្ឋាននៅទីក្រុង Beirut បានរាយការណ៍កាលពីថ្ងៃសៅរ៍។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា សហរដ្ឋអាមេរិក​បាន​បង្កើត​មូលដ្ឋាន​យោធា​ចំនួន ២៤ និង​ប៉ុស្តិ៍​ចំនួន ៤ នៅ​ក្នុង​ប្រទេស​ស៊ីរី ទោះបីជា​មានការ​តវ៉ា​ពី​រដ្ឋាភិបាល​ស៊ីរី​ក៏ដោយ។

ការដំឡើងយោធារបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ត្រូវបានវាយប្រហារច្រើនជាងមួយលើក បន្ទាប់ពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន កាន់តែកើនឡើងកាលពីខែមុន។

ខណៈពេលដែលសហរដ្ឋអាមេរិក បានស្តីបន្ទោសការវាយប្រហារទាំងនេះ ទៅលើក្រុមដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ ទីក្រុងតេអេរ៉ង់បានច្រានចោលការចោទប្រកាន់ទាំងនេះវិញផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top