បរទេស៖ រដ្ឋបាលយោធារបស់ទីក្រុង បាននិយាយថា ប្រទេសរុស្ស៊ី បានបើកការ វាយប្រហារ ដោយយន្តហោះគ្មាន មនុស្សបើកជាច្រើន លើកលើទីក្រុង គៀវ របស់អ៊ុយក្រែន កាលពីព្រឹកថ្ងៃអាទិត្យ សម្រាប់ការវាយប្រហារយប់ទីពីរជាប់ៗគ្នា ដោយបង្កើនការវាយប្រហារ របស់ខ្លួនលើរដ្ឋធានីអ៊ុយក្រែន បន្ទាប់ពីការផ្អាកជាច្រើនសប្តាហ៍។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Serhiy Popko ប្រមុខរដ្ឋបាលយោធានៃទីក្រុង គៀវ បាននិយាយលើកម្មវិធីផ្ញើសារ Telegramថា “យន្តហោះគ្មានមនុស្សបើក (UAVs) របស់សត្រូវ ត្រូវបាន ចែកជាក្រុមជាច្រើន ហើយបានវាយប្រហារទីក្រុង គៀវ ពីទិសដៅផ្សេងៗគ្នា ក្នុងពេលដំណាល គ្នា នឹងការផ្លាស់ប្តូរចលនា នៃចលនានៅតាមបណ្តោយផ្លូវនេះជានិច្ច”។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ប្រព័ន្ធការពារដែនអាកាស របស់ខ្លួនបានបំផ្លាញយន្តហោះគ្មានមនុស្សបើក ១៥ គ្រឿងក្នុងចំណោម ២០ គ្រឿងដែលបាញ់បង្ហោះដោយរុស្ស៊ី គឺប្រភេទ Shahed kamikaze លើតំបន់ Kyiv, Poltava និង Cherkasy ។
រដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន លោក Igor Klymenko បាននិយាយថា នៅក្រុង Kherson មនុស្សប្រាំនាក់ រួមទាំងក្មេងស្រីអាយុ ៣ ឆ្នាំម្នាក់បានរងរបួស ដោយការ បាញ់ផ្លោងកាំភ្លើងធំ របស់រុស្ស៊ីកាលពីព្រឹកថ្ងៃអាទិត្យ ៕
ប្រែសម្រួលៈ ណៃ តុលា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									