ព័ត៌មានអន្តរជាតិ

Update ៖ តួកគី ធ្វើការជម្លៀសពលរដ្ឋ របស់ខ្លួនចំនួន១៧០នាក់ ចេញពីតំបន់ហ្គាហ្សា

Xinhua

អ៊ីស្តង់ប៊ុល ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ថា កាលពីថ្ងៃចន្ទ លោក Hakan Fidan រដ្ឋមន្ត្រីការបរទេស បានលើកឡើងថា ប្រទេសតួកគី បានជម្លៀសពលរដ្ឋ និងសាច់ញាតិរបស់ពួកគេចំនួន១៧០នាក់ ចេញពីតំបន់ហ្គាហ្សាស្ទ្រីប គិតមកដល់ពេលនេះ ។
យោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស បានឲ្យដឹងថា ពលរដ្ឋតួកគីចំនួន៤៤នាក់ បានចុះចតនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃអាទិត្យ តាមរយៈប្រទេសអេហ្ស៊ីប តាមជើងយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍តួកគី ។

លោក Kerem Huseyini ជាពលរដ្ឋតួកគីម្នាក់ នៅក្នុងចំណោមពលរដ្ឋតួកគី ដែលត្រូវបានជម្លៀសខ្លួនចេញនោះ ត្រូវបានដកស្រង់សម្តីដោយទូរទស្សន៍ CNN Turk ថា “វាមិនអាចទៅរស់នៅ តំបន់ហ្គាហ្សាបានទៀតនោះទេ។ ការទម្លាក់គ្រាប់បែក របស់ (អ៊ីស្រាអ៊ែល) ចាប់ផ្តើមនៅពេលយប់ និងបន្តរហូតដល់ម៉ោង៥ព្រឹក” ។

សេចក្តីថ្លែងការណ៍បានដាក់ថា ក្នុងពេលតំណាលគ្នានេះដែរ យន្តហោះដឹកពលរដ្ឋចំនួន៨៧នាក់ផ្សេងទៀតដែលជម្លៀសចេញពីតំបន់ហ្គាហ្សា ត្រូវបានគេរំពឹងថា នឹងមកដល់ទីក្រុងអ៊ីស្តង់ប៊ុលនៅល្ងាចថ្ងៃចន្ទ ។

សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា “ថ្ងៃនេះ ប្រសិនបើលក្ខខណ្ឌ នៅលើដី គឺបានអនុញ្ញាត យើងមានគោលបំណងជម្លៀស ពលរដ្ឋប្រហែល១០០នាក់ផ្សេងទៀត ចេញពីតំបន់ហ្គាហ្សា ។ អ្នកការទូតរបស់យើងបានទៅដល់ច្រកព្រំដែន Rafah កាលពីព្រឹកព្រលឹម” ដោយបានកត់សម្គាល់ឃើញថា ការជម្លៀសរបស់ប្រទេសតួកគី ត្រូវបានអនុវត្តដោយមានការយល់ព្រមពី អាជ្ញាធរអ៊ីស្រាអ៊ែល ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top