ព្រុចសែល៖ គណៈកម្មការអឺរ៉ុប បានសម្រេចចិត្តកាលពីថ្ងៃចន្ទ ដើម្បីពន្យាររយៈពេល ៦ខែនូវ “ចំនួនមានកំណត់” នៃច្បាប់ជំនួយរដ្ឋ ដើម្បីផ្តល់ឱ្យរដ្ឋជាសមាជិកសហភាពអឺរ៉ុប នូវភាពបត់បែនក្នុងការជួយក្រុមហ៊ុន ដែលកំពុងប្រឈមនឹងការឡើងថ្លៃថាមពល ដែលបណ្តាលមកពីជម្លោះរុស្ស៊ី-អ៊ុយក្រែន។
គណៈកម្មាការបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “រដ្ឋជាសមាជិក អាចរក្សាគម្រោងគាំទ្ររបស់ពួកគេ ដើម្បីគ្របដណ្តប់រយៈពេលកំដៅ ក្នុងរដូវរងារនាពេលខាងមុខជា សំណាញ់សុវត្ថិភាព ក្នុងករណីដែលក្រុមហ៊ុនមួយចំនួន បន្តរងផលប៉ះពាល់ដោយការរំខានផ្នែកសេដ្ឋកិច្ច” ដែលបណ្តាលមកពីជម្លោះ។
សហភាពអឺរ៉ុប បានណែនាំជំនួយរដ្ឋនៃវិបត្តិបណ្តោះអាសន្ន និងក្របខ័ណ្ឌអន្តរកាលនៅក្នុងខែមីនា ឆ្នាំ២០២២ ដើម្បីកាត់បន្ថយផលប៉ះពាល់នៃជម្លោះរុស្ស៊ី-អ៊ុយក្រែនលើសេដ្ឋកិច្ចរបស់ប្លុកនេះ។ ចាប់តាំងពីការចាប់ផ្តើមរបស់ខ្លួន ក្របខណ្ឌនេះត្រូវបានធ្វើវិសោធនកម្មចំនួនពីរ ហើយវិធានការ ដែលបានរៀបរាប់នៅក្នុងវា ត្រូវបានគ្រោងនឹងបញ្ចប់នៅចុងខែធ្នូឆ្នាំនេះ។
ជាមួយនឹងការធ្វើវិសោធនកម្មចុងក្រោយ គណៈកម្មការបានពន្យារពេល ជំនួយមានកំណត់រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ២០២៤។ គួរកត់សម្គាល់ថា ជំនួយហិរញ្ញវត្ថុ សម្រាប់វិស័យដូចជា កសិកម្ម នេសាទ និងវារីវប្បកម្មត្រូវបានលើកឡើង។
ជំនួយដើម្បីប៉ះប៉ូវតម្លៃថាមពលខ្ពស់ ក៏ត្រូវបានអូសបន្លាយរយៈពេល ៦ខែរហូតដល់ចុងខែមិថុនា ឆ្នាំក្រោយនេះបើយោងតាមសេចក្តីថ្លែងការណ៍ ៕
ប្រែសម្រួល ឈូក បូរ៉ា