ព័ត៌មានអន្តរជាតិ

លោក Xi Jinping ប្រធានរដ្ឋចិនថ្លែងថា ក្នុងបរិបទបច្ចុប្បន្ន ការដែលប្រទេស BRICS បញ្ចេញសំឡេងយុត្តិធម៌ និងសំឡេងសន្តិភាព អំពីបញ្ហាប៉ាឡេស្ទីន និងអ៊ីស្រាអែល គឺទាន់ពេលវេលា និងមានភាពចាំបាច់ខ្លាំង

យប់ថ្ងៃទី២១ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិន បានអញ្ជើញចូលរួម កិច្ចប្រជុំកំពូលពិសេស តាមប្រព័ន្ធវីដេអូ ស្តីពីបញ្ហាប៉ាឡេស្ទីន និងអ៊ីស្រាអែល នៃថ្នាក់ដឹកនាំប្រទេស BRICS ព្រមទាំងបានថ្លែងសុន្ទរកថាគន្លឹះ ។

លោក Xi Jinping បានលើកឡើងថា ក្នុងបរិបទបច្ចុប្បន្ន ការដែលប្រទេស BRICS បញ្ចេញសំឡេងយុត្តិធម៌ និងសំឡេងសន្តិភាព អំពីបញ្ហាប៉ាឡេស្ទីន និងអ៊ីស្រាអែល គឺទាន់ពេលវេលា និងមានភាពចាំបាច់ខ្លាំង ។

លោក Xi Jinping បានថ្លែងថា ការប៉ះទង្គិចនៅតំបន់កាហ្សា បានអូសបន្លាយអស់រយៈពេលជាងមួយខែហើយ ដែលបណ្តាលឱ្យជនស៊ីវិល ជាច្រើននាក់ ស្លាប់បាត់បង់ជីវិត និងកើតមានគ្រោះមហន្តរាយ ខាងមនុស្សធម៌ ប្រទេសចិន បារម្ភយ៉ាងខ្លាំងចំពោះរឿងនេះ ។ ភារកិច្ចជាបន្ទាន់ នាពេលបច្ចុប្បន្ន គឺទីមួយបណ្តាភាគីនានា នៃការប៉ះទង្គិចត្រូវឈប់បាញ់គ្នាភ្លាម បញ្ឈប់រាល់អំពើហិង្សា និងការវាយប្រហារ ដែលសំដៅចំពោះជនស៊ីវិល នៅតំបន់កាហ្សា និងដោះលែងជនស៊ីវិល ដែលត្រូវឃាត់ខ្លួន ។ ទីពីរត្រូវធានាឱ្យច្រកផ្លូវសម្រាប់ផ្តល់ជំនួយសង្គ្រោះមនុស្សធម៌ មានសុវត្ថិភាពនិងភាពរលូន ដើម្បីផ្តល់ជំនួយ មនុស្សធម៌ កាន់តែច្រើនដល់ប្រជាជននៅតំបន់កាហ្សា ។ ទីបី សហគមន៍អន្តរជាតិគួរតែចាត់វិធានការ ជាក់ស្តែង បង្ការកុំឱ្យការប៉ះទង្គិច រីករាលដាល និង ជះឥទ្ធិពលដល់ស្ថិរភាព នៃតំបន់មជ្ឈិមបូព៌ាទាំងមូល ។ ប្រទេសចិនគាំទ្រ សេចក្តីសម្រេចចិត្តអំពីការប៉ះទង្គិច រវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលអនុម័ត ក្នុងកិច្ចប្រជុំវិសាមញ្ញ ជាបន្ទាន់នៃមហាសន្និបាតអង្គការ សហប្រជាជាតិ នៅថ្ងៃទី២៧ ខែតុលា ។ ក្នុងនាមជាប្រធានផ្លាស់វេន របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាជាតិ ប្រទេសចិនបានធ្វើជាអ្នកសម្របសម្រួល ក្នុងសន្និសីទ ព្រមទាំងបានអនុម័ត លើសេចក្តីសម្រេចចិត្ត លេខទី២៧១២ របស់ក្រុមប្រឹក្សាសន្តិសុខ ។ បណ្តាភាគីនានា គួរតែអនុវត្តសេចក្តីសម្រេចចិត្តនេះ ឱ្យបានប្រាកដប្រជា ៕ អត្ថបទ និងរូបភាពដោយ វិទ្យុមិត្តភាពកម្ពុជាចិន

To Top