បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានប្រាប់សហសេវិករដ្ឋាភិបាល របស់លោកកាលពីថ្ងៃអង្គារ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីមួយថា ប្រទេសអ៊ុយក្រែនបានបាត់បង់ទាហានជាង ១៣.៧០០ នាក់ និងរថក្រោះប្រមាណ ១.៨០០ គ្រឿង និងសព្វាវុធធុនធ្ងន់ដទៃទៀត។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយថា កងកម្លាំងរុស្ស៊ីបាននិងកំពុងរារាំងយ៉ាងសកម្មចំពោះការប៉ុនប៉ងរបស់ទីក្រុងគៀវ ក្នុងការរំលោភលើខ្សែការពាររបស់ពួកគេ និងបន្តកាត់បន្ថយសមត្ថភាពយោធារបស់អ៊ុយក្រែន។ លោកបានអះអាងថា ទាហានអ៊ុយក្រែនបានចុះចាញ់ បន្ទាប់ពីដឹងថាភាពឥតប្រយោជន៍នៃការវាយលុករបស់ខ្លួន។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីរូបនេះ បានចេញការវាយតម្លៃចុងក្រោយ ចំពោះជនរងគ្រោះអ៊ុយក្រែននៅចុងខែតុលា នៅពេលដែលលោកបាននិយាយថា ទាហានអ៊ុយក្រែនស្លាប់បានលើសពី ៩០.០០០ នាក់ចាប់តាំងពីការចាប់ផ្តើមនៃការវាយលុកដ៏បរាជ័យរបស់ទីក្រុងគៀវ នៅដើមខែកក្កដា។ ក្នុងអំឡុងពេលកិច្ចប្រជុំសប្តាហ៍នេះ លោក Shoigu បានពិពណ៌នាអំពីការបបាត់បង់ដោយទាហានអ៊ុយក្រែននៅក្នុងជម្លោះថា ជា ការខាតបង់ “ដ៏ធំសម្បើម” ។
ចំណែកលោក Valery Zaluzhny ឧត្តមសេនីយកំពូលរបស់អ៊ុយក្រែន បាននិយាយកាលពីមុនថា ជម្លោះជាមួយរុស្ស៊ីបានឈានដល់ “ភាពទាល់ច្រក” ហើយថា កងកម្លាំងប្រដាប់អាវុធរបស់លោកទំនងជានឹងមិនសម្រេចបានការទម្លាយទៅមុខក្នុងការប្រឈមមុខគ្នានាពេលឆាប់ៗនេះទេ។ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី បានជំទាស់នឹងការវាយតម្លៃនេះ ដោយអះអាងថា វឌ្ឍនភាពនៅតែត្រូវបានធ្វើឡើង នៅក្នុងការប៉ុនប៉ងរបស់ប្រទេសរបស់លោក ក្នុងការដណ្តើមមកវិញនូវព្រំដែនមុនឆ្នាំ ២០១៤៕
ប្រែសម្រួលៈ ណៃ តុលា