ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល ព្រមានអំពីការផ្ទុះឡើង នូវសង្គ្រាមក្នុងតំបន់

រូបភាពពី៖​ AFP

បរទេស៖ កាសែតរុស្សី បានដកស្រង់ប្រភពចេញពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថាថា រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Eli Cohen បានព្រមានអង្គការសហប្រជាជាតិថា មជ្ឈិមបូព៌ាអាចធ្លាក់ចូលទៅក្នុងសង្គ្រាមទ្រង់ទ្រាយធំ ប្រសិនបើក្រុមសកម្មប្រយុទ្ធ Hezbollah នៅតែស្ថិតនៅភាគខាងត្បូងប្រទេសលីបង់ ក្បែរព្រំដែនជាមួយប្រទេសអ៊ីស្រាអែល។

ទូរទស្ស៍ប៉ុស្តិ៍លេខ១២របស់អ៊ីស្រាអែលបានអះអាងថា អ្នកការទូតបានចេញការព្រមានបន្ទាប់ពីប៉ុន្មានសប្តាហ៍នៃការបាញ់ផ្លោង និងការប៉ះទង្គិចគ្នានៅលើព្រំដែនអ៊ីស្រាអែល-លីបង់។ ការ​ប៉ះ​ទង្គិច​គ្នា​កាន់​តែ​ខ្លាំង​ឡើង​ចាប់​តាំង​ពី​ការ​លុក​លុយ​យ៉ាង​សាហាវ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​ប៉ាឡេស្ទីនហាម៉ាស ចូល​ក្នុង​ប្រទេស​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​ទី ៧ ខែ​តុលា។

Hezbollah និយាយថា ខ្លួនបានចូលរួមជាមួយពួកសកម្មប្រយុទ្ធនៅតំបន់ហ្គាហ្សាក្នុងការប្រយុទ្ធរបស់ពួកគេប្រឆាំងនឹងអ៊ីស្រាអែល ប៉ុន្តែរហូតមកដល់ពេលនេះបានបញ្ឈប់ការវាយលុកដ៏ធំមួយពីប្រទេសលីបង់។

អង្គការនិកាយស៊ីអ៊ីតឬ Shiiteមួយនេះមានទំនាក់ទំនងយូរអង្វែងជាមួយអ៊ីរ៉ង់ ហើយត្រូវបានគេជឿថាមានឧបករណ៍ល្អជាង និងមានទម្រង់ខ្លាំងជាងក្រុមប៉ាឡេស្ទីនដែលកំពុងប្រតិបត្តិការនៅតំបន់ហ្គាហ្សា និងតំបន់ West Bank ៕ ប្រែសម្រួល៖ស៊ុនលី

To Top