ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង អះអាងថា កូរ៉េខាងជើង ​បាញ់សាកល្បង​មី​ស៊ី​ល​បាលី​ស្ទិ​ក ប៉ុន្ដែទំនងជា​បរាជ័យ​

រូបភាពពី៖​ NBC News

សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រជប៉ុន កាលពីល្ងាចថ្ងៃពុធ ប៉ុន្តែការបាញ់បង្ហោះហាក់ដូចជាបរាជ័យ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។

ចំណាត់ការនេះបានធ្វើឡើងបន្ទាប់ពីកូរ៉េខាងត្បូង បានបន្តសកម្មភាពឈ្លបយកការណ៍ និងឃ្លាំមើលនៅជិតតំបន់គ្មានយោធារវាងកូរ៉េទាំងពីរ ដើម្បីឆ្លើយតបទៅនឹងការបាញ់បង្ហោះរ៉ុក្កែត ដែលទីក្រុងព្យុងយ៉ាងបានឲ្យដឹងថា បានដាក់ផ្កាយរណបចារកម្មដោយជោគជ័យទៅក្នុងគន្លង។

ទីក្រុងសេអ៊ូល បានផ្អាកសកម្មភាពស្របតាមកិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាជាមួយទីក្រុងព្យុងយ៉ាង ក្នុងឆ្នាំ២០១៨ ដើម្បីបន្ធូរបន្ថយភាពតានតឹងផ្នែកសន្តិសុខទ្វេភាគី។

មីស៊ីលផ្លោងនេះត្រូវបានបាញ់ចេញពីតំបន់ស៊ូណាន នៃទីក្រុងព្យុងយ៉ាង នៅម៉ោងប្រហែល ១១ និង០៥ យប់ នេះបើយោងតាមយោធា។ ព័ត៌មានលម្អិតបន្ថែម ដូចជាចម្ងាយដែលគ្រាប់ផ្លោងហោះ នៅតែមិនទាន់ដឹងនៅឡើយ។

ប្រទេសកូរ៉េខាងជើង បានឲ្យដឹងថា ផ្កាយរណបឈ្លបយកការណ៍ Malligyong-1 របស់ខ្លួនបានចូលគន្លងតារាវិថី បន្ទាប់ពីត្រូវបានដឹកជញ្ជូនតាមរ៉ុក្កែត Chollima-1 ដែលបានបាញ់បង្ហោះកាលពីល្ងាចថ្ងៃអង្គារ។

កូរ៉េខាងត្បូងបានឲ្យដឹងថា តាមការវាយតម្លៃរបស់ខ្លួន ផ្កាយរណបចារកម្មកូរ៉េខាងជើង បានចូលគន្លងតារាវិថី។ កូរ៉េ​ខាង​ជើង​បាន​ប្រកាស​ថា ​ខ្លួន​នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ផ្កាយ​រណប​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី០​១ ខែ​ធ្នូ។

រដ្ឋមន្ត្រីការបរទេសនៃក្រុមសេដ្ឋកិច្ចធំៗទាំង៧ បានរិះគន់កូរ៉េខាងជើងដោយ​ថា ទោះបីជាវាត្រូវបានកំណត់លក្ខណៈជាផ្កាយរណបក៏ដោយ ការបាញ់បង្ហោះដោយទីក្រុងព្យុងយ៉ាង ដោយប្រើបច្ចេកវិទ្យាមីស៊ីលផ្លោង គឺបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top