កូឡាឡំាពួរ ៖ ប្រភពទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ថា គ្រោះទឹកជំនន់ បានបង្ខំឱ្យមនុស្ស ចំនួន២.២៩៤នាក់ ផ្លាស់ទីលំនៅនៅរដ្ឋឆ្នេរសមុទ្រ ដែលស្ថិតនៅភាគខាងកើត នៃប្រទេស គឺរដ្ឋ Terengganu គិតត្រឹមម៉ោង៣រសៀលម៉ោងនៅក្នុងស្រុកកាលពីថ្ងៃអង្គារ ក្រោយពីមានភ្លៀងធ្លាក់ ចុះខ្លាំងជាបន្តបន្ទាប់ ។

នាយកដ្ឋានសុខុមាលភាព សង្គម របស់ប្រទេស ម៉ាឡេស៊ី បានឱ្យដឹងថា អ្នកដែលត្រូវបានជម្លៀស ខ្លួនទាំងនោះ ត្រូវបានដាក់នៅក្នុង មជ្ឈមណ្ឌលសង្គ្រោះទឹកជំនន់ ចំនួន១៩កន្លែង ។
លើសពីនេះទៀត រដ្ឋ Perak ស្ថិតនៅឆ្នេរសមុទ្រភាគខាងលិច នៃឧបទ្វីបម៉ាឡេ ត្រូវបានរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ដោយមានមនុស្សចំនួន ៣៩នាក់ត្រូវបានជម្លៀសខ្លួនចេញ ។
នាយកដ្ឋានឧតុនិយម បានចេញការព្រមានអំពីភ្លៀងធ្លាក់ចុះខ្លាំង ដោយសារខ្យល់មូសុងឦសាន ដែលជាធម្មតាអូសបន្លាយពីខែតុលា ដល់ខែមីនា ជាមួយនឹងខ្យល់បោកបក់ខ្លាំង និងមានរលកទឹកសមុទ្រ ដែលរំពឹងទុកថា នឹងកើតមានឡើង នៅក្នុងរដ្ឋភាគខាងជើង និងឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសនេះ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
